កីឡា

មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលប្រកាសរៀបចំការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៦

ខេត្តកណ្តាល៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល បានប្រកាសជាផ្លូវការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៦ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាប៉េតង់ និងកីឡា បាល់ទាត់ អបអរសាទររូបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ឆ្នាំ២០២៦ តាមគម្រោងនឹងដែលប្រព្រឹត្តិចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៦ លើកីឡា ២ ប្រភេទ កីឡាបាល់ទាត់ និងប៉េតង់។

ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល បានបញ្ជាក់ថា ចំពោះវិញ្ញាសាកីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ ដែលជាផែនការមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលក្នុងការអភិឌ្ឍនកីឡាបាល់ទាត់យុវជនរបស់ខេត្តកណ្តាល បន្ទាប់ពីថ្នាក់ដឹកខេត្តបានសំឡឹងមើលឃើញវិស័យកីឡាបាល់ទាត់យុវជន មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៃសកម្មភាពការប្រកួតនានាដែលមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលបានរៀបចំការប្រកួតរាល់ឆ្នាំ។

លោកបានបន្តថា ចំណែកកីឡាប៉េតង់មាន ៣ វិញ្ញាសា រួមមានវិញ្ញាសាយុវជន ៣ នាក់ ទល់ ៣ នាក់ និងវិញ្ញាសានារី ៣ នាក់ ទល់ ៣ នាក់ និងវិញ្ញាសាវ័យចាស់ ៣ នាក់ ទល់ ៣ នាក់ ៕

ដោយ៖លី ភីលីព

Most Popular

To Top