ភ្នំពេញ៖ ក្រុមកីឡាចំបាប់ ក្រសួងមហាផ្ទៃដណ្តើមបានមេដាយចំនួន ១៩គ្រឿងនៃការប្រកួតកីឡាចំបាប់សម័យ-បុរាណ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ខណៈសមាគម ក្លឹបកីឡាចំបាប់ ក្រសួង មន្ទីរ រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ការប្រកួតនេះរៀបចំសហព័ន្ធកីឡាចំបាប់កម្ពុជា ក្រោមការប្រើប្រស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាចំបាប់សម័យ-បុរាណ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាតំណាងលោក វ៉ាត់ ចំរើនប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង លោក ផាត បញ្ញាសុជាតក៌តំណាងលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅសាលហ្វឹកហាត់ដំបូលទូកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រុមកីឡាចំបាប់ ក្រសួងមហាផ្ទៃដណ្តើមបានមេដាយចំនួន ១៩ គ្រឿង ក្នុងនោះមេដាយមាស ៦ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ៩ គ្រឿង ក្រុមកីឡាចំបាប់ ក្រសួងការពារជាតិដណ្តើមបានមេដាយចំនួន ៩ គ្រឿង ក្នុងនោះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្លឹបកីឡាចំបាប់ ខេត្តត្បូងឃ្មុំ ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង និងក្លឹបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង។

ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ កីឡាករ-កីឡាការិនីចំបាប់ ១១០ នាក់ មកពី១៤ សមាគម និងក្លឹបកីឡាចំបាប់ ក្នុងនោះប្រតិភូ ១២ នាក់ គ្រូបង្វឹក ១៨ នាក់ កីឡាករ ៦៧ នាក់ កីឡាការិនី៤៣ នាក់ និងគណៈកម្មការ២០ នាក់ សរុប១៦០នាក់។ ចំពោះ១៤ សមាគម និងក្លឹបកីឡាចំបាប់ រួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្លឹបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ ក្លឹបព្រះធាតុកីឡា ខេត្តពោធិ៍សាត់ ក្លឹបចំបាប់បាទី ខេត្តតាកែវ និងក្លឹបកីឡាចំបាប់ ខេត្តត្បូងឃ្មុំ ។

ក្លឹបចំបាប់បារមីមេទ័ពម៉ឺនឯក ខេត្តកណ្តាល ចំបាប់សមាគមវិហារសួគ៌ ខេត្តកណ្តាល ក្លឹបបក្សីចាំក្រុង ខេត្តកណ្តាល ក្លឹបគិរីបារមីដំរីមានរិទ្ធ ខេត្តកំពង់ឆ្នាំង ក្លឹបចំបាប់តាគប់មានរិទ្ធ ខេត្តកំពង់ឆ្នាំង ក្លឹបចំបាប់ឬទ្ធីសែន ខេត្តកំពង់ឆ្នាំង ក្លឹបចំបាប់យាយព្រីងមានរិទ្ធ ខេត្តកំពង់ឆ្នាំង និងក្លឹបចំបាប់ប្រយ៉ាប់មានរិទ្ធ ខេត្តកំពង់ឆ្នាំង។

ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះយោងតាមបទបញ្ជាការប្រកួតកីឡាចំបាប់ពិភពលោក (UWW) សហព័ន្ធកីឡាចំបាប់កម្ពុជាបានបែងចែក និងវិញ្ញាសារួមមានចំបាប់សម័យ ក្នុងនោះប្រភេទវិញ្ញាសាចំបាប់សេរី បុរស៖ប្រភេទទម្ងន់ក្រោម ៦១គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧៤គីឡូក្រាម និងប្រភេទទម្ងន់សេរី ៨៦ គីឡូក្រាមឡើងទៅ។ ចំណែកប្រភេទវិញ្ញាសាចំបាប់សេរី ស្ត្រី៖ ប្រភេទទម្ងន់ក្រោម ៥៣ គីឡូក្រាម និងប្រភេទទម្ងន់ក្រោមសេរី ៥៥ គីឡូក្រាមឡើងទៅ។


ប្រភេទវិញ្ញាសាចំបាប់ក្រិចកូរ៉ូម៉ាំង៖ប្រភេទទម្ងន់សេរី ៨៧ គីឡូក្រាមឡើងទៅ។ លក្ខខណ្ឌតម្រូវ ៖កីឡាករ កីឡាការិនីហ្វឹកហាត់កីឡាចំបាប់សម័យទាំងអស់គ្រប់ក្លឹប មានសិទ្ធិចូលរួមប្រកួត ។ រីឯចំបាប់បុរាណខ្មែរ ប្រភេទវិញ្ញាសា៖ចំបាប់បុរាណ បុរស ប្រភេទទម្ងន់ក្រោម ៦៥ គីឡូក្រាម និងប្រភេទទម្ងន់សេរី ៧០ គីឡូក្រាមឡើងទៅ។
ចំបាប់បុរាណស្រ្តី៖ប្រភេទទម្ងន់សេរី ៥០ គីឡូក្រាមឡើងទៅ។ ចំណែកចំបាប់យុវជនអាយុក្រោម ១៥ឆ្នាំ ប្រភេទវិញ្ញាសា៖ចំបាប់សម័យ កុមារា ប្រភេទទម្ងន់ក្រោម ៣៩ គីឡូក្រាម និងប្រភេទទម្ងន់សេរី ៤៥ គីឡូក្រាមឡើងទៅ និងចំបាប់សម័យ កុមារី ប្រភេទទម្ងន់ក្រោម ៤២ គីឡូក្រាម។
លក្ខខណ្ឌតម្រូវ៖កីឡាករ-កីឡាការិនី ដែលចូលរួមប្រកួតចំបាប់សម័យត្រូវមានកាយសម្បទាមាំមួន និងសុខភាពបរិបូរណ៍៕
ដោយ៖លី ភីលីព
