កីឡា

លោក វ៉ាត់ ចំរើន ៖ កម្ពុជា និងបារាំងចូលរួមជាងគេក្នុងទិវារត់ប្រណាំងចម្ងាយឆ្ងាយ អន្តរជាតិអង្គរ លើកទី៩ ឆ្នាំ២០២៦ សៀមរាប-អង្គរ

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយ អន្តរជាតិអង្គរ លើកទី៩ ឆ្នាំ២០២៦ “9th Ultra-Trail Angkor 2026” មានអ្នករត់ចុះឈ្មោះចូលរួមព្រឹត្តិការណ៍ជាង ១២០០ នាក់ហើយ ក្នុងនោះអ្នករត់ជនជាតិខ្មែរមានចំនួន ៥០០នាក់ បន្ទាប់មកជនជាតិបារាំង ៤០០នាក់ លំដាប់លេខ ៣ គឺជនជាតិវៀតណាម។

លោក វ៉ាត់ ចំរើន តំណាងលោកទេសរដ្ឋមន្តី្រ ថោង ខុន ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងក្នុងឱកាសសន្និសីទសារព័ត៌មានស្តីពីទិវារត់ប្រណាំងចម្ងាយឆ្ងាយ អន្តរជាតិអង្គរ លើកទី៩ ឆ្នាំ២០២៥ “9th Ultra-Trail Angkor 2026” ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ សៀមរាប-អង្គរ ប្រកាសការបើកការប្រកួតនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការរៀបចំ ដោយ លោក EDOUARD GEORGE ប្រធានក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Phoenix Voyage ប្រធានប្រតិបត្តិការដោយ លោក JEAN CLAUDE LE CORNEC និងអ្នកចាត់ការទូទៅដោយ លោក LE DIZES LUDOVIC ដើម្បីរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៩ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅចំកណ្តាលប្រាសាទអង្គរក្រោមកិច្ចសហការជាមួយរដ្ឋបាល ខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ។

លោកអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបន្តថា ព្រឹត្តិការណ៍ រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor នៅចំកណ្តាលប្រាសាទអង្គរ ក្រោមកិច្ចសហការជាមួយរដ្ឋបាល ខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ។ គោលបំណង នៃការរៀបចំព្រឹត្តិការណ៍ Ultra-Trail Angkor ធ្វើឡើងក្នុងគោលបំណងជំរុញ និងបង្កើនការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ ជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ។

ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៧មានវិញ្ញាសារត់ប្រណាំងចំនួន ៨ រួមមាន ១០០ គីឡូម៉ែត្រ ៦៤ គីឡូម៉ែត្រ ៤២ គីឡូម៉ែត្រ ៣២ គីឡូម៉ែត្រ ១៨ គីឡូម៉ែត្រមាន ៣ ប្រភេទ និង ៨ គីឡូម៉ែត្រ ៕

ដោយ៖លី ភីលីព

Most Popular

To Top