ភ្នំពេញ៖ ខេមរសហព័ន្ធកីឡាយូដូប្រកាសរៀបចំការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដថល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅសាលហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលការប្រកួតនេះរៀបចំដោយខេមរសហព័ន្ធកីឡាយូដូក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥ ។

លោក ម៉ារ វង្សវិបុល គ្រូប្រធាន បច្ចេកទេស និងគ្រូឧទ្ទេស បានប្រាប់ឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកឆ្នាំនេះ ខេមរសហព័ន្ធកីឡាយូដូផ្តោតទៅលើយុវជនច្រើនជាង ក្នុងនោះវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស និងនារីមានអាយុក្រោម ១១ ឆ្នាំដល់ ១៤ ឆ្នាំ។ សម្រាប់វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសរួមមាន ប្រភេទទម្ងន់ក្រោម ៣៤ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៣៨ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៤៦ គីឡូក្រាម និងប្រភេទទម្ងន់ ៤៦ គីឡូក្រាមឡើងទៅ។

ចំណែកវិញ្ញាសាប្រយុទ្ធឯកត្តជននារីវិញរួមមាន ប្រភេទទម្ងន់ក្រោម ៣២ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៣៦ គីឡូក្រាម និងប្រភេទទម្ងន់ ៣៦ គីឡូក្រាមឡើងទៅ។ រីឯវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស និងនារីមានអាយុ ១៥ ឆ្នាំឡើងទៅ រួមមាន វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស គឺប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៦ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧៣ គីឡូក្រាម និងប្រភេទទម្ងន់ក្រោម ៩០ គីឡូក្រាម។


ដោយឡែកវិញ្ញាសាប្រយុទ្ធឯកត្តជននារី គឺប្រភេទទម្ងន់ក្រោម ៤៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៤៨ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥២ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងប្រភេទទម្ងន់ ៥៧ គីឡូក្រាមឡើងទៅ៕



ដោយ៖លី ភីលីព
