ភ្នំពេញ៖លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ នៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាចូលរួមរត់ក្នុងព្រឹត្តិការណ៍ ការទិវារត់ប្រណាំងចម្ងាយឆ្ងាយ អន្តរជាតិអង្គរ លើកទី៩ ឆ្នាំ២០២៦ “9th Ultra-Trail Angkor 2026” សៀមរាប-អង្គរ ដែលប្រព្រឹត្តទៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប។

លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានមានប្រសាសន៍ថា លោកបានចុះឈ្មោះរត់ចម្ងាយ ១០០ គីឡូម៉ែត្រ ទិវារត់ប្រណាំងចម្ងាយឆ្ងាយ អន្តរជាតិអង្គរ លើកទី៩ ឆ្នាំ២០២៦ “9th Ultra-Trail Angkor 2026” ឆ្នាំនេះ សម្រាប់សប្បុរសជនដែលបានចង់បរិច្ចាកថវិកាផ្ទាល់តាមលោកចាប់ពីថ្ងៃនេះតទៅ ។ ថវិកាបរិច្ចាកទទួលបានពីសប្បុរសជនរូបលោក នឹងយកទៅជូនមន្ទីរពេទ្យ កុមារអង្គរ ខេត្ត សៀមរាប ដើម្បីជួយដល់ មន្ទីរពេទ្យ និងកុមារទំាំងអស់ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ កុមារអង្គរ ខេត្ត សៀមរាបតែម្តង។

លោកអគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបន្ថែមទៀតថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយ អន្តរជាតិអង្គរ លើកទី៩ ឆ្នាំ២០២៥ “9th Ultra-Trail Angkor 2025” បានរៃអង្គាសថវិកាជួយមន្ទីរពេទ្យ កុមារអង្គរ ខេត្ត សៀមរាបបាន ២០១៦៨ ដុល្លារអាមេរិក ពីពីសប្បុរសជន ដូចនេះរូបលោកសង្ឃឹមថា ឆ្នាំនេះទទួលបានការ បរិច្ចាកសប្បុរសជន ច្រើនជាងនេះ។

លោក បួនហ៊ីង សុធីយ៉ា បានបញ្ជាក់ថា គោលបំណង នៃការរៀបចំព្រឹត្តិការណ៍ Ultra-Trail Angkor ធ្វើឡើងក្នុង គោលបំណង ជំរុញ និងបង្កើនការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថាន តំបន់បេតិកភណ្ឌ ជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ។

ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៩ មានវិញ្ញាសារត់ប្រណាំងចំនួន ៨ រួមមាន ១០០ គីឡូម៉ែត្រ ៦៤ គីឡូម៉ែត្រ ៤២ គីឡូម៉ែត្រ ៣២ គីឡូម៉ែត្រ ១៨ គីឡូម៉ែត្រមាន ៣ ប្រភេទ និង ៨ គីឡូម៉ែត្រ ៕






