កីឡា

លោក សុខ សូកាន អញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាប៊ូលនិងប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោក អ៊ុក សិទ្ធិជាតិ សមាជិកសភា និងតំណាងរាស្រ្តខេត្តព្រៃវែង និងលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាប៊ូលនិងប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ បានបើកការប្រកួតជាផ្លូវការហើយ នៅក្នុងទីលានកីឡាប៊ូល និងប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ រៀបចំឡើងក្នុងគោលបំណងលើក ស្ទួយវិស័យ កីឡាប៊ូល និងប៉េតង់កម្ពុជា បង្កើនទំនាក់ទំនងរវាងសម្ព័ន្ធ ក្លិប និងផ្តល់ឱកាសដល់កីឡាករ កីឡាការិនី ទូទាំងប្រទេសអាចចូលរួមប្រកួតប្រជែង និងដុសខាត់សមត្ថភាព ហើយក៏ជាវេទិកាសម្រាប់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្លឹងមើល កីឡាករ កីឡាការិនី ដែលមានសក្តានុពល និងឧបនិស្ស័យលើកីឡាប៊ូល និងប៉េតង់ មកចូលរួមប្រមូលផ្តុំជាក្រុមជម្រើសជាតិ យុវជន ឬថ្នាល នាឆ្នាំបន្តបន្ទាប់ទៀត។

ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបន្តថា ការប្រកួតកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នេះជាលើកទី២ ដែលសហព័ន្ធ បានរៀបចំវិញ្ញាសាប្រកួតជ្រើសរើសបំពេញបន្ថែមជម្រើសជាតិ ដើម្បីធ្វើការប្រមូលផ្តុំសម្រាប់ឆ្នាំ២០២៦ និង ត្រៀមលក្ខណៈចូលរួមការប្រកួតកម្រិតអន្តរជាតិនានារួមមមាន៖ ការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យអាស៊ាន ជើងឯកពិភពលោក ជើងឯកអាស៊ី។ ក្នុងឱកាសនេះដែលយើងសង្ឃឹមថានឹងធ្វើការជ្រើសរើសបានកីឡាករ កីឡាការិនី ដែលមានសក្តានុពល ឆន្ទៈមោះមុត វិន័យល្អ និងមានពេលវេលាហ្វឹកហាត់គ្រប់គ្រាន់ក្នុងការរួមដំណើរទៅមុខជា មួយគ្នា។

ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា រៀបចំឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីលានរបស់សហព័ន្ធក្នុងពហុកីឡសដ្ឋានជាតិ។ ការប្រកួតនេះមាន ៨វិញ្ញាសា រួមមាន វិញ្ញាសា ១ទល់១(បុរស១៨ឆ្នាំឡើង) វិញ្ញាសា ១ទល់១(នារី១៨ឆ្នាំឡើង) វិញ្ញាសា ១ ទល់១(កុមារី១២ ដល់១៥ឆ្នាំ) វិញ្ញាសា ១ទល់១(កុមារា១២ ដល់១៥ឆ្នាំ) វិញ្ញាសា វាយយកពិន្ទុ(បុរស១៦ឆ្នាំ) វិញ្ញាសា វាយយកពិន្ទុ(នារី១៦ឆ្នាំ) វិញ្ញាសា ៣ទល់៣(បុរស១៦ឆ្នាំ) និង វិញ្ញាសា ៣ទល់៣(នារី១៦ឆ្នាំ)៕

ដោយ៖លី ភីលីព

Most Popular

To Top