ភ្នំពេញ៖លោក គៀត ច័ន្ទថារិទ្ធ នៅតែបន្តដឹកនាំសហព័ន្ធកីឡាវាយ កូនឃ្លីលើតុកម្ពុជា អាណត្តីទី៨ ឆ្នាំ២០២៥-២០២៩ បន្ទាប់ពីសមាជិកប្រតិបត្តិចាស់ និងអ្នកតំណាងក្លិបវាយកូនឃ្លីលើតុសម្រេចចិត្តបោះឆ្នោតរូបលោកជាប្រធាននាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្នុងមហាសន្និបាតរបស់ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបញ្ចប់អាណត្តិទី៧ បន្តអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ នៅសាលប្រជុំនៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្នុងមហាសន្និបាត របស់ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធាន សហព័ន្ធកីឡាវាយ កូនឃ្លីលើតុកម្ពុជា អាណត្តីទី៧ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក តែម ម៉ឺន អគ្គលេខាធិការរងនៃតំណាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

អាណត្តីទី៨ ឆ្នាំ២០២៥-២០២៩ សមាជិកប្រតិបត្តិចំនួន ២៩ រួបរួមមានលោក គៀត ច័ន្ទថារិទ្ធ ក្លាយជាប្រធាន លោក លោក សុខ វាសនា លោក យិត ភីរៈ លោក ពុំ វិត្យា លោក សុខ សុមនា លោក បេងហុង សុជាតិសីលា លោក សារិន សារីណូ លោក ស៊ឹម ចាន់ណាក់ លោក លី សេងឃុង លោក ស៊ឹម វ៉ាន់ដេត លោក សុគន្ធ វិសាល លោក សុខ វណ្ណៈ ស៊ុន សុទ្ធារិទ្ធ អនុប្រធាន លោក ហេង សុខជាតិ អគ្គលេខាធិការ លោក ព្រុំ ឌុចប៉ូរ៉ានឿន អគ្គហេរញ្ញឹក លោក ស៊ុន រតនា កញ្ញា លាង ចន្ធី អគ្គលេខាធិការរង លោក ប៉ាន់ ស៊ីវ៉ាន់ថា អគ្គហេរញ្ញឹករង លោក រស់ ជាតិ លោក សេង វីរៈ លោក អ៊ិន មីឌី លោក ង៉ូយ ប៉ុនថង លោក អម សុផាណា លោក ហ្គូវ អ៊ិចអៀវ លោក សំ បូរ័ត្ន លោក អ៊ឹង ប៊ុនឃាង លោក ហេង ស៊ុនលី និងលោក អ៊ឹង ឆៃងួន ជាសមាជិក។

លោក គៀត ច័ន្ទថារិទ្ធ បានមាន ប្រសាសន៍ថា តាងនាមខ្ញុំបាទ និងគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា អាណត្តិទី៨ ខ្ញុំសូមគូសរំលេចចំណុចផែនការ ដែលសហព័ន្ធយកចិត្តទុកដាក់រៀបចំ មួយចំនួនដូចជា រៀបចំផែនការអភិវឌ្ឍន៍កីឡាករ កីឡាការិនី តាមរយៈផែនការហ្វឹកហាត់តាមដំណាក់កាល ពិសេសការ ហ្វឹកហាត់ជំនាញ និងគ្រូបង្វឹកដែលមានគុណវុឌ្ឍ មានបទពិសោធន៍ខ្ពស់។ រៀបចំឲ្យមានការហ្វឹកហាត់នៅបរទេស និងការប្រកួតថ្នាក់ជាតិ អន្តរជាតិឱ្យបានច្រើនតាមតែអាចធ្វើបាន។ ការផ្តល់អាហារូបត្ថម្ភ ការថែទាំសុខភាព និងការលើកទឹកចិត្តផ្សេងៗ។

លោកប្រធាន សហព័ន្ធកីឡាវាយ កូនឃ្លីលើតុកម្ពុជាបានបន្តថា បន្ថែមនូវធនធានមន្ត្រីរៀបចំការប្រកួត អាជ្ញាកណ្តាល ជំនួយការអាជ្ញាកណ្តាល ជម្រុញឱ្យមានសមត្ថភាព ជាអាជ្ញាកណ្តាលអន្តរជាតិ។ អាណត្តិទី៨ នេះជាអាណត្តិយុទ្ធសាស្ត្រសម្រាប់កីឡាវាយកូនឃ្លីលើតុ ដើម្បីចូលរួមការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន លើកទី២២ ឆ្នាំ២០២៦ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ ដែលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងត្រៀមខ្លួនក្នុងការប្រកួតជាលក្ខណៈអន្តរជាតិផ្សេងៗទៀត៕





