ភ្នំពេញ៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៦នេះ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឧកញ៉ា ស្រ៊ុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា ព្រមទំាងអ្នកតំណាងឲ្យក្រុមហ៊ុនដៃគូឧបត្ថម្ភ Z.T.O បានអញ្ជើញអធិបតីចូលរូមពិធីបិទការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ការប្រកួតនេះរៀបចំដោយសហព័ន្ធកីឡាវូស៊ូកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥។

ឧកញ៉ា ស្រ៊ុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមប្រធានសហព័ន្ធកីឡាវស៊ូកម្ពុជា នឹងរៀបចំរៀបចំផែនការរយៈពេលខ្លី និងវែង មាន៣ឆ្នាំ បន្តបានយកចិត្តទុកដាក់ខ្ពស់ទៅលើការបង្កើនចំនួនកីឡាការ កីឡាការិនី មន្ត្រីបច្ចេកទេស គុណផល ដល់សុខភាព និងសុខុមាលភាពរបស់សាមជិកទាំងអស់គ្នា ពិសេសចូលរួមប្រកួតអន្តរជាតិយកមេដាយជូនជាតិរបស់យើង និងផ្តល់ផលប្រយោជន៍សម្រាប់មនុស្សគ្រប់វ័យឲ្យទទួលបាន ផាសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា និងជួយឲ្យជៀសផុតពីភាពអសកម្មផ្សេង ៗក្នុងសង្គម ជាពិសេស នៅពេលប្រជាពលរដ្ឋក្នុងប្រទេសមួយមានសុខភាពល្អ ។ ជាក់ស្តែងការលេងកីឡាវស៊ូ គឺធ្វើឲ្យយុវជន បានស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ការទំនាក់ទំនង និងកសាង សន្តិភាពព្រមទាំងនាំមកនូវសារប្រយោជន៍ផ្សេង ៗ ។

ចំណែកលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានមានប្រសាសន៍ថា ការប្រកួតនេះពិតជាមានសារសំខាន់ណាស់សម្រាប់កីឡាករ-កីឡាការិនីអភិវឌ្ឍខ្លួន បង្កើនសមត្ថភាពក្នុងពេលប្រកួតថ្នាក់ជាតិនេះ ក៏ដូចជាការប្រកួតលក្ខណៈអន្តរជាតិ ។ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះផ្នែករដ្ឋបាល ផ្នែកសកម្មភាពនៃការប្រកួត និងផ្នែកសកម្មភាព នៃវគ្គបណ្តុះបណ្តាលគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម តាមសហព័ន្ធកីឡាជាតិទាំងអស់ ដែលក្រសួង បានផ្តល់ថវិកាគាំទ្រដើម្បីជួយពន្លឿនការអភិវឌ្ឍវិស័យកីឡាក្នុងប្រទេសកម្ពុជា ។

លោករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់ដល់សុខភាព និងសុខុមាលភាពរបស់ ប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ សម្រាប់មនុស្សគ្រប់វ័យឲ្យទទួលបានផាសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា និងជួយឲ្យជៀសផុតពីភាពអសកម្មផ្សេង ៗក្នុងសង្គម ជាពិសេស នៅពេលប្រជាពលរដ្ឋក្នុងប្រទេសមួយមានសុខភាពល្អ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមិនចាំបាច់ចំណាយថវិកាច្រើន ទៅលើសេវា ព្យាបាល ជំងឺ ។

ជាក់ស្តែងការលេងកីឡា គឺធ្វើឲ្យយុវជន បានស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ការទំនាក់ទំនង និងកសាង សន្តិ ភាពព្រមទាំងនាំមកនូវសារៈប្រយោជន៍ផ្សេង ៗ មិនតែប៉ុណ្ណោះកីឡាដើរតួ ជាយានក្នុងការភ្ជាប់ទំនាក់ទំនងការទូត និងនាំ មនុស្សនៅក្នុង សហគមន៍ចេះរួមរស់ជាមួយគ្នា ។ កីឡាក៍បានដើរតួយ៉ាងសំខាន់ នៅក្នុងការផ្សារភ្ជាប់ ទំនាក់ទំនងវប្បធម៌ និងសហគមន៍ទូទាំងពិភពលោកផងដែរ៕








ដោយ៖លី ភីលីព
