ភ្នំពេញ៖ព្រឹត្តិការណ៍ភ្នំពេញអន្តរជាតិអាគ័ត្លុង និងអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ ទទួលបានការចាប់អរម្មណ៍ពីកីឡាករ កីឡាការិនីខ្មែរ-បរទេសចូលរួមជាង ៤០០នាក់ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដំណើរការជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ បង្ហាញពីគុណភាពបច្ចេកទេសរបស់កីឡាករ-កីឡាការិនីចូលរួមប្រកួតតែងតែកើនឡើងគួរឲ្យកត់សម្គាល់ ជារៀងរាល់ឆ្នាំ។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ឲ្យដឹថា ការប្រកួតភ្នំពេញអន្តរជាតិអាគ័ត្លុងមានវិញ្ញាសាសម្រាប់មនុស្សពេញវ័យឡើងទៅ រីឯអាគ័ត្លុងជើងឯកប្រចាំសាលាមានវិញ្ញាសាសម្រាប់ក្មេងៗជាសិស្សសាលាមកពីសាលារដ្ឋ-ឯកជននានា ដោយមានការចូលរួមពីកីឡាករ-កីឡារិនីសរុបជាង ៤០០នាក់ ហើយចែកចេញជា១១វិញ្ញាសា។

លោក ងិន សុខបញ្ញា បានសង្កត់ធ្ងន់ថា ជាការពិត ការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំទទួលបានការចូលរួមពីកីឡាករ កីឡារិនីកាន់តែច្រើន ជាក់ស្តែងនៅឆ្នាំ២០២៦នេះបានកើនឡើងដែរ ក្នុងនោះកីឡាករ កីឡាការិនីខ្មែរសុទ្ធ កូនកាត់ខ្មែរ-បរទេស និងជាបរទេសរស់នៅ និងបម្រើការងារនៅកម្ពុជា ដោយតាមរយៈការចូលរួមកាន់តែផុសផុលយ៉ាងខ្លាំង ក្នុងការចូលរួមផង និងជាឱកាសរបស់កីឡាករ កីឡាការិនីទាំងខ្មែរ និងបរទេសបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ជាមួយគ្នាប្រកបដោយក្តីរីករាយ។

សហព័ន្ធក៏តែងតែសម្លឹងមើលធនធានកីឡាករ-កីឡារិនីវ័យក្មេងឆ្នើមៗ ក្នុងគោលដៅប្រមូលចូលក្នុងក្រុមជម្រើសជាតិនាពេលខាងមុខ ដើម្បីសម្រួចគោលដៅត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រភេទកីឡាអូឡាំពិកដ៏ពេញនិយមមួយនេះ នៅលើឆាកអន្តរជាតិ ជាពិសេសគោលដៅត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ និងការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ ផងដែរ។

លោក ងិន សុខបញ្ញា បានបញ្ជាក់បន្ថែមថា ចំពោះការប្រកួតកីឡាអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ គឺសម្តៅលើក្មេងជាសិស្សសាលា ដោយក្រោយបញ្ចប់ការប្រកួត យើងតែងតែសម្លឹងមើលកីឡាករ កីឡាការិនីដែលមានទេពកោសល្យ នៅពេលថ្ងៃខាងមុខទៀត អ្នកជាប់ជ័យលាភីយើងអាចផ្តល់ឱកាសឲ្យពួកគាត់ជាប់ក្នុងក្រុមជម្រើសជាតិថ្នាល នៅថ្ងៃខាងមុន។ នៅពេលពួកគាត់ជាប់ជម្រើសជាតិថ្នាល សហព័ន្ធផ្តោតលើការបណ្តុះបណ្តាល ពង្រឹងគុណភាពត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមក្នុងកម្រិត៤៥ប្រទេសនៃទ្វីបអាស៊ីទាំងមូលតែម្តង។ នេះជាផ្លូវតែយើងត្រូវដើរនៃគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ឆ្នាំ២០៣១ខាងមុខ។

លោកអគ្គលេខាធិការ បានបន្ថែមថា នេះជាព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងចំណោមការប្រកួតមួយចំនួនទៀតរបស់សហព័ន្ធ ដើម្បីបន្តបំផុសឱ្យកីឡាករ កីឡាការិនីគ្រប់វ័យទាំងអស់ចាប់ពីវ័យកុមារអាយុ៦ឆ្នាំឡើង ដល់៤២ឆ្នាំឡើងបានចូលរួមលេងប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែផុសផុល ក៏ដូចជាស្វែងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗប្រចាំឆ្នាំផងដែរ។ ការប្រកួតនេះមាន២កម្មវិធី គឺការប្រកួតភ្នំពេញអន្តរជាតិអាគ័ត្លុង និងការប្រកួតអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ ប៉ុន្តែសហព័ន្ធបានបែងចែកជាវិញ្ញាសាផ្សេងៗពីគ្នា ក្នុងនោះភ្នំពេញអន្តរជាតិអាគ័ត្លុង សម្រាប់មនុស្សពេញវ័យ ដោយមានវិញ្ញាសាស្តង់ដាលើវិញ្ញាសារត់ប្រណាំង និងហែលទឹក ចម្ងាយឆ្ងាយជាង។ ចំណែកអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ មានវិញ្ញាសាហែលទឹក និងរត់ប្រណាំងដែរ ប៉ុន្តែសម្រាប់កីឡាករ កីឡាការិនីជាសិស្សសាលា ដែលមានហែលទឹក និងរត់ចម្ងាយខ្លីៗ៕






ដោយ៖លី ភីលីព
