កីឡា

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ប្រកាសបើកការប្រកួតកីឡា សិស្សបឋមសិក្សាជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦

ខេត្តកណ្តាល ៖ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានប្រកាស បើកការប្រកួត កីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅ តាមទីលានបាល់ទាត់ខេត្ត វិទ្យាល័យជាច្រើននៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងឆ្នើម ។

នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំខេត្តកណ្តាលកិច្ចប្រជុំ និងចាប់ឆ្នោត ជាមួយគណៈប្រតិភូកីឡាកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ ប៉េតង់ និងកីឡាអត្តពលកម្មទំាង ៥ប្រភេទ ត្រៀមការប្រកួតនឹងចាប់ផ្តើមជាផ្លូវការដោយមានការអញ្ជើញពីសំណាក់លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា នៅសាលាប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និង កីឡា បាននិយាយថា ការប្រកួតកីឡាសិស្សបឋម សិក្សាជ្រើសរើស ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង ៥ នេះ សម្រាប់ត្រៀមចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦។

លោកបានបន្តថា ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF។

សម្រាប់កីឡាបាល់ទាត់មាន ១៣ ក្រុម ៖ក្រុមបាល់ទាត់កុមារាចំនួន ៩ ក្រុម និងក្រុមបាល់ទាត់កុមារីចំនួន ៤ ក្រុម
កីឡាបាល់ទះមាន ៨ ក្រុម៖ក្រុមបាល់បោះកុមារាចំនួន ៤ ក្រុម ក្រុមបាល់បោះកុមារីចំនួន ៤ ក្រុម កីឡាបាល់ទះមាន ៨ ក្រុមក្រុមបាល់ទះកុមារាចំនួន ៥ ក្រុម ក្រុមបាល់ទះកុមារីចំនួន ៣ ក្រុម ប៉េតង់មាន ៩ក្រុម៖ក្រុមប៉េតង់កុមារាចំនួន ៥ ក្រុម ក្រុមប៉េតង់កុមារីចំនួន ៤ ក្រុម និងកីឡាអត្តពលកម្មមាន ៩ ក្រុមស្មើ ៩០ នាក់៕

Most Popular

To Top