កីឡា

លោក ហែម គីរី ៖ ការប្រកួតនេះ ធ្វើឡើង ដើម្បីរំលឹកនូវគុណូបការៈ និងស្នាដៃរបស់លោកព្រឹទ្ធាចារ្យ ហែម ថុន និងបំផុសវិស័យកីឡាហែលទឹកនៅកម្ពុជា

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ការប្រកួតនេះធ្វើឡើងដើម្បីរំលឹកនូវគុណូបការៈ និងស្នាដៃរបស់លោកព្រឹទ្ធាចារ្យ ហែម ថុន និងបំផុសវិស័យកីឡាហែលទឹកនៅកម្ពុជា ដោយផ្តើមចេញ ពីរាជធានីភ្នំពេញ សមាគម-ក្លឹបហែលទឹក របស់សហព័ន្ធ នឹងតាមបណ្តាគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន បន្ទាប់ពីទទួលបានចំណាពី លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកតំណាងឲ្យលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានលើកឡើងក្នុងឱកាសបិទ ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកយុវជនព្រឹទ្ធាចារ្យ ហែម ថុន លើកទី៥ ឆ្នាំ២០២៦ នានាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

លោកអគ្គលេខាធិការសហព័ន្ធខ្មែរបានបន្តថា សកម្មភាពបានកើតឡើងដោយមានការចូលរួមពីអាណាព្យាបាល គ្រូបង្វឹក សាលារៀនអន្តរជាតិ និងក្លិបហែលទឹកឯកជន និងរដ្ឋទំាងអស់។ ឆ្នាំនេះកីឡាករ-កីឡាការិនីចំនួន ១៤៤ នាក់មានច្រើនគួរសមិនលើសឆ្នាំមុន ដោយសារសាលារៀនអន្តរជាតិ និងក្លិបហែលទឹកឯកជនមួយចំនួនឈប់សម្រាកចូលឆ្នាំចិន។ រូបលោកសង្ឈឹមថា ឆ្នាំក្រោយៗទៀតនឹងមានកីឡាករ-កីឡាការិនីចុះឈ្មោះច្រើនជាងនេះ ហើយអ្វីដែលសំខាន់សហព័ន្ធជំរុញ និង ផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនីតាមកម្រិតអាយុប្រកួត ដើម្បីពិនិត្យមើលក្នុងការជ្រើសរើស កីឡាករ-កីឡាការិនីចូលរួមហ្វឹកហាត់ ប្រកួតប្រជែងក្នុងក្រុមយុវជន ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹក បានបញ្ជាក់ថា ការប្រកួតប្រព្រឹត្តឡើងដើម្បីរំលឹកនូវគុណូបការៈ និងស្នាដៃរបស់លោកព្រឹទ្ធាចារ្យ ហែម ថុន បានខិតខំប្រឹងប្រែងរៀបចំសហព័ន្ធខ្មែរកីឡាហែលទឹកឲ្យកកើតឡើងវិញ តាំងពីរបបសម័យ សង្គ្រាមប្រល័យពូជសាសន៍ និងអាចដំណើរការមកដល់ពេលបច្ចុប្បន្ននេះ ។ ការប្រកួតនេះក៏បានបើកទូលាយសម្រាប់មហាជន សាលាអន្តរជាតិ អាចមានសិទ្ធិចូលរួមប្រកួត បាន ដោយត្រូវមានអាយុទៅតាមការកំណត់របស់សហព័ន្ធ ។ ដើម្បីបំផុសវិស័យកីឡាហែលទឹកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តើមចេញពីរាជធានីភ្នំពេញ សមាគម-ក្លឹបហែលទឹករបស់សហព័ន្ធ នឹងតាមបណ្តាគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ។

លោកបានបន្តថា ផ្ដល់ឱកាសឲ្យកីឡាករ កីឡាការិនីវ័យក្មេង ចូលរួមការប្រកួតបង្ហាញទេពកោសល្យនិងសមត្ថភាព យល់ដឹងពីកម្រិតការប្រកួត ទទួលបាននូវបទពិសោធន៍ អាចក្លាយនាំខ្លួនឲ្យក្លាយជាកីឡាករកីឡាការិនីហែលទឹក ក្នុងក្រុមជម្រើសជាតិកម្ពុជា ចូលរួមការប្រកួតព្រឹត្តិការណ៍ អន្តរជាតិនានា ។ ចូលរួមផ្សព្វផ្សាយដល់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន អាណាព្យាបាលឲ្យយល់ដឹងអំពីអត្តប្រយោជន៍នៃការចេះហែលទឹក ព្រោះការចេះហែលទឹកអាចជួយសង្គោះខ្លួនឯង និងអាចជួយដល់អ្នកដទៃបាន ៕
សហព័ន្ធខ្មែរកីឡាហែលទឹកក៏ទទួលបានសហការឧបត្ថម្ភគាំទ្រពី អិន ធី ស្ព័ព ឯ.ក ផ្តល់ជូនអាវដ៏ស្រស់ស្អាតជូនដល់មន្រ្តីគណៈកម្មការបច្ចេកទេស ធនាគារ Philip Bank និង Live Stream Broad Media ជាដៃគូរសហការរៀបចំផ្សាយផ្ទាល់ក្នុងការប្រកួតនេះ៕

Most Popular

To Top