ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធ កីឡាតេក្វាន់ដូ បានមានប្រសាសន៍ថា ការប្រកួតតែងមានឈ្នះចាញ់ អ្វីដែលសំខាន់ គឺបទពិសោធដែលទទួលបានពីការប្រកួត រួមទំាងការពង្រឹងចំណងមិត្តភាព សុខភាព វិន័យ ការប្តេជ្ញាចិត្ត និងតស៊ូដើម្បីជម្នះបំបែកកំណត់ត្រាខ្លួនឯង ដោយឆ្នាំនេះឃើញមានកីឡាករ-កីឡាការនីថ្មីៗ ជាច្រើនបានចូលរួមប្រកួត បង្ហាញសមត្ថភាព បច្ចេកទេស និង ទេពកោសល្យរៀងៗខ្លួន គួរជាទីមោទនៈ ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងនារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងពិធីបិទ “ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥” នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពីសំណាក់ លោក ជ្រិន សុធា អគ្គលេខាធិការ លោក ម៉ៅ ស្រេង លោក យិន ភិរៈ អនុប្រធា ខេមរសហព័ន្ធកីឡាតេក្វាន់ដូ លោកបណ្ឌិត អ៊ុក ឌីម៉ង់ អគ្គនាយករងតំណាង លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្រប់គ្រងព្រឹត្តិការណ៍ និងស្ថិតិកីឡានិងលោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា កីឡាករ-កីឡាការិនីជយលាភីទាំងអស់ទទួលបានជោគជ័យក្នុងការប្រកួតនេះ និងបានលើកទឹកចិត្តដល់កីឡាករមិនទាន់បានជោគជ័យ សូមបន្តយកចិត្តទុកដាក់ហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត ។ ការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងព្រឹត្តិការណ៍ប្រកួតនេះឡើងជារៀងរាល់ឆ្នាំ បានជំរុញលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនី បន្តពង្រឹងសមត្ថភាពជាប់ជាប្រចាំ ។

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងបានអនុវត្តមុខវិជ្ជាអប់រំកាយ និងកីឡាក្នុងម៉ោងសិក្សា និងក្រៅម៉ោងសិក្សានៅ តាមគ្រឹះស្ថានសិក្សា ព្រមទាំងចេញសេចក្តីណែនាំ ស្តីពី គោលការណ៍រៀបចំការប្រកួត កីឡាសិស្សថ្នាក់ជាតិ ដើម្បីបណ្ដុះស្មារតីកុមារ និងយុវជនឱ្យស្រឡាញ់កីឡា ស្របតាមពាក្យស្លោក «យុវជនម្នាក់ ត្រូវចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» កីឡាមិនត្រឹមតែផ្ដល់នូវសុខភាពល្អនោះទេ ថែមទាំងជួយអប់រំអត្តចរិត គំនិត បំណិនសតវត្សទី២១ និងស្មារតីតស៊ូអំណត់ធន់ ពង្រឹងភាពក្លាហាន ដល់យុវជនតាំងពីក្មេងវ័យ ជាពិសេសជំរុញនូវមនសិការស្នេហាជាតិផងដែរ ។

លោក ជ្រិន សុធា អគ្គលេខាធិការ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគាំទ្រជួយពន្លឿន ដល់ការអភិវឌ្ឍរបស់ខេមរសហព័ន្ធតេក្វាន់ដូ ប្រចាំឆ្នាំ២០២៥ ជាឱកាសសម្រាប់កីឡាករ កីឡាការិនីទាំងអស់ បញ្ចេញសមត្ថភាព និង ទេពកោសល្យ របស់ខ្លួនដណ្តើមជ័យលាភី ក្នុងគោលដៅវាស់ស្ទង់សមត្ថភាព ដើម្បីបន្តពង្រឹង ការហ្វឹកហាត់ជាប្រចាំ ឆ្ពោះទៅការប្រកួតកីឡាអាស៊ីហ្គេមលើកទី២០ នៅប្រទេសជប៉ុន, កីឡាស៊ីហ្គេមលើកទី៣៤ នៅប្រទេសម៉ាឡេស៊ី និងកីឡាសាកលវិទ្យាល័យអាស៊ាន រួមទាំងកីឡាយុវជនអាស៊ី ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

ការប្រកួតនេះ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលហ្វឹកហាត់តេក្វាន់ ដូប៊ូយ៉ុង-ខ្មែរនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមប្រកួតពីកីឡាករ កីឡាការិនី មកពីក្លឹបសរុបចំនួន ៣៤ក្លឹប ស្មើនឹង ២១៤នាក់(គ្រូបង្វឹក ៥២នាក់ កីឡាករ ៩៦នាក់ និងកីឡាការិនី ៦៦នាក់) ក្នុងនោះមាន ក្លឹបនៅរាជធានីភ្នំពេញ ចំនួន ៣៤ក្លឹប ក្លឹបក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងការពារជាតិ ខេត្តកណ្តាល ២ក្លឹប ខេត្តបាត់ដំបង ៧ក្លឹប ខេត្តបន្ទាយមានជ័យ ១ក្លឹប និងធ្វើការប្រកួតលើវិញ្ញាសាសរុបចំនួន ២១ វិញ្ញាសា៕



