កីឡា

រដ្ឋមន្ត្រីក្រសួងកីឡាអ៊ីរ៉ង់៖ ប្រទេសរបស់លោកមិនអាចចូលរួម World Cup ដោយសារតែការវាយប្រហាររបស់អាមេរិក

ឌូបៃ៖ រដ្ឋមន្ត្រីក្រសួងកីឡា និងយុវជនប្រទេសអ៊ីរ៉ង់ បាននិយាយថា វាមិនអាចទៅរួចទេសម្រាប់ប្រទេសនេះក្នុងការចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ “World Cup” បន្ទាប់ពីអាមេរិកបានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei ក្នុងសង្គ្រាមដែលកំពុងបន្តរបស់ខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

នេះបើយោងតាមវីដេអូនៃបទសម្ភាសន៍ដែលបានបង្ហោះកាលពីថ្ងៃអង្គាររបស់រដ្ឋមន្ត្រីក្រសួងកីឡា និងយុវជនអ៊ីរ៉ង់ លោក Ahmad Donyamali បានប្រាប់ទូរទស្សន៍រដ្ឋថា អ៊ីរ៉ង់ត្រូវបានគេរំពឹងថានឹងចូលរួមព្រឹត្តិការណ៍ World Cup ដែលនឹងប្រព្រឹត្តទៅនៅទូទាំងអាមេរិកខាងជើងនាខែមិថុនា ។ កីឡាករក្រុមបាល់ទាត់របស់ប្រទេសលោកមិនមានសុវត្ថិភាពនៅអាមេរិកទេ ។

លោកបានបន្ថែមថា ដោយសារតែទង្វើអាក្រក់ដែលពួកគេបានធ្វើប្រឆាំងនឹងអ៊ីរ៉ង់ ពួកគេបានដាក់សង្គ្រាម២លើកមកលើយើងក្នុងរយៈពេលត្រឹមតែ ៨ ឬ ៩ ខែប៉ុណ្ណោះ ហើយបានសម្លាប់ និងធ្វើទុក្ករកម្មប្រជាជនរាប់ពាន់នាក់របស់យើងវាពិតជាមិនអាចទៅរួចទេសម្រាប់យើងក្នុងការចូលរួមព្រឹត្តិការណ៍ World Cup។

អ៊ីរ៉ង់ត្រូវបានគ្រោងនឹងលេងនៅទីក្រុង Inglewood រដ្ឋ California ទល់នឹងនូវែលសេឡង់នៅថ្ងៃទី១៥ ខែមិថុនា និងបែលហ្ស៊ិកនៅថ្ងៃទី២១ ខែមិថុនា មុនពេលបញ្ចប់ការប្រកួតក្នុងពូលទល់នឹងអេហ្ស៊ីបនៅទីក្រុង Seattle នៅថ្ងៃទី២៦ ខែមិថុនា។ អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជាមួយកាណាដា និងម៉ិកស៊ិកចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា៕

Most Popular

To Top