កីឡា

កីឡាការិនីហែលទឹកកម្ពុជា ហែម រីតាដាវីណា ចូលរួមការប្រកួត 56th Singapore Ages Group Swimming Championships 2026 នៅសិង្ហបូរី

ភ្នំពេញ ៖ នាថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៦ នេះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្លិបកីឡាហែលទឹក ព្រឹទ្ធាចារ្យ ហែម ថុន បានបញ្ជូនគ្រូបង្វឹក និងកីឡាការិនី ២ រូបទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកកុមារ ជ្រើសរើសជើងឯកលើកទី៥៦ ឆ្នាំ២០២៦ “56th Singapore Ages Group Swimming Championships 2026” នៅប្រទេសសិង្ហបូរីតាមការអញ្ជើញ របស់សហព័ន្ធកីឡាហែលទឹកប្រទេសសិង្ហបូរី តាមរយៈសហព័ន្ធខ្មែរហែលទឹក។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក និងគ្រូបង្វឹកបានប្រាប់តាមអនឡាញឲ្យដឹងថា កីឡាការិនីតំណាងក្លឹបព្រឹទ្ធាចារ្យ ហែម ថុន និងជាតំណាងឲ្យក្រុមកម្ពុជា លើប្រភេទកីឡាហែលទឹកកម្រិតអាយុ ៩-១០ ឆ្នាំ ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡា 56th Singapore National Age Group Swimming Championships 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ សមាសភាពចូលរួមមានលោក ហែម គីរី គ្រូបង្វឹក និងកីឡាការិនី ហែម រីតាដាវីណា ដែលមាន អាយុ ៩ ឆ្នាំ។

លោកអគ្គលេខាធិការ សហព័ន្ធខ្មែរហែលទឹក បានបន្តថា ការប្រកួតនេះជាការប្រកួតបើទូលាយ ដែលបើកឲ្យកីឡាករ-កីឡាការិនី ជាកុមារា-កុមារីប្រទេសដទៃ ចូលរួមប្រកួត ដើម្បីជំរុញការអភិឌ្ឍន៍វិស័យកីឡាហែលទឹក ។ ការប្រកួតនេះចង់ឲ្យកីឡាករ-កីឡាការិនី ជាកុមារា-កុមារីរបស់សហព័ន្ធ និងកម្ពុជា ទទួលបានបទពិសោធន៍ការប្រកួតកម្រិតអន្តរជាតិឲ្យបានច្រើន ហើយរាល់ការចំណាយទំាងអស់ ជាបន្ទុករបស់អាណាព្យាបាល កីឡាការិនីផ្ទាល់តែម្តង។

លោក ហែម គីរី បានបញ្ជាក់ថា រៀងរាល់ឆ្នាំសហព័ន្ធតែងតែរៀបចំ ការប្រកួតហែលទឹកកុមារ ( KSF chil dren’s Swimming Competition) ដោយការប្រកួតនេះដើម្បីកុមារា-កុមារីជាក្រុមកីឡាករ-កីឡាការិនី យល់ដឹងកាន់តែច្បាស់ពីរបៀបប្រកួត និងការចម្រាញ់ រកអត្តពលិកឆ្នើមៗរបស់សហព័ន្ធ ក្នុងការពិនិត្យមើលសមត្ថភាពក្រុមកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេង ដែលធនធានពិសេសនាពេលអនាគត ៕

Most Popular

To Top