ភ្នំពេញ ៖ សហព័ន្ធកីឡាឡើងភ្នំកម្ពុជា ប្រកាសរៀបចំវគ្គបណ្ដុះបណ្តាល និងផ្សព្វផ្សាយកីឡាឡើងភ្នំ ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២១ និង២២ ខែមិនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្រោមការប្រើប្រាស់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសពិធីបើកវគ្គមាន ការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំខេត្តសៀមរាប លោក ឡាំង អូណា ប្រធានសហព័ន្ធកីឡា ឡើងភ្នំកម្ពុជា និងមន្រ្តី សហព័ន្ធជាច្រើនរូបទៀត ពិសេសមានការចូលរួម ដោយតារាកិត្តិយសល្បីៗ ជាច្រើនរូបទៀត។

វគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំ សម្រាប់សាធារណជន កីឡាករ កីឡាការិនី គ្រូបង្វឹក និងអាជ្ញាកណ្តាល កម្រិត១-២ របស់សហព័ន្ធកីឡា ឡើងភ្នំកម្ពុជា (ស.ឡ.ក) ធ្វើឡើង ដើម្បីអភិវឌ្ឍកីឡាឡើងភ្នំ នៅប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន ទទួលបានជោគជ័យ និងមាន ប្រសិទ្ធភាពខ្ពស់ ស្របតាមលក្ខន្តិកៈ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ។

សហព័ន្ធកីឡាឡើងភ្នំកម្ពុជានឹងរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំ សម្រាប់សាធារណជន កីឡាករ កីឡាការិនី គ្រូបង្វឹក និង អាជ្ញាកណ្តាល កម្រិត១-២ ដែលប្រព្រឹត្តទៅ នាថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប និងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន ។

វគ្គបណ្តុះបណ្តាលនេះក្នុង គោលបំណងផ្តល់ជូន ទៅសិក្ខាកាមឲ្យបានយល់ដឹង ពីបច្ចេកទេស នៃការឡើងភ្នំ ច្បាប់កីឡានានា និងគោល ការណ៍ចម្បង នៃការដាក់ពិន្ទុ ដែលជាការត្រៀម សម្រាប់ការរៀបចំប្រកួតថ្នាក់ជាតិ នាពេលខាងមុខនេះ រួមទាំងធ្វើ ការផ្សព្វផ្សាយ ពីបច្ចេកទេសកីឡាឡើងភ្នំថ្មីៗ និងការអនុវត្តផ្ទាល់ពីបច្ចេកទេស នៃការឡើងភ្នំធម្មជាតិ ដែលមាន ទីតាំងនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែនផងដែរ៕

