កីឡា

កីឡាករ-កីឡាការិនី ចំនួន ១១៥ នាក់ ចូលរួមការប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៦

ភ្នំពេញ ៖ កីឡាករ-កីឡាការិនី ចំនួន ១១៥ នាក់ ចូលរួមក្នុងការប្រកួតកីឡា បញ្ចស៊ីឡាត់ជ្រើសរើស ជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៦ ដែលមានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១៤ និង១៥ ខែមីនា ឆ្នាំ២០២៦ ការប្រកួតធ្វើឡើង ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី ឆ្នើមនៅត្រៀមចូលរួម The 22 ASEAN University Games ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាការ៉ាតេ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំដោយសហព័ន្ធ កីឡាបញ្ចស៊ីឡាត់កម្ពុជា ។

លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជាបាននិយាយថា ការប្រកួត កីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៦ កីឡាករ-កីឡាការិនីចំនួន ១១៥ នាក់ ក្នុងនោះកីឡាការិនី ៣៣ នាក់ ប្រតិភូ និងគ្រូបង្វឹកចំនួន៣៧ នាក់ ប្រុស ២៩ នាក់ និងស្រី ៨ នាក់ គណៈកម្មការចំនួន ៣៥ នាក់ និងក្រុមការងារស្ម័គ្រចិត្តចំនួន ២០ សរុបចំនួន ២០៧ នាក់។កីឡាករ-កីឡាការិនីចំនួន ១១៥ នាក់ មកពី ៩ រាជធានីខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តបាត់ដំបង ។

ការប្រកួតនៅក្រោមការ ចង្អុលបង្ហាញ របស់លោក សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងប្រធានសហព័ន្ធកីឡា បញ្ចស៊ីឡាត់កម្ពុជា ក៏ដូចជាការចូលរួមពីសំណាក់លោកអនុប្រធាន និងសមាជិកប្រតិបត្តិសហព័ន្ធ បានជំរុញឲ្យខានតែបានសម្រាប់រៀបចំការ ប្រកួតជើងឯកថ្នាក់ជាតិដើម្បីជាការបោះជំហានមួយទៀតក្នុង ប្រមូលផ្តុំអត្តពលិកមានទេពកោសល្យ ក្នុងការលេងប្រភេទកីឡានេះ និងផ្សព្វផ្សាយកីឡាបញ្ចស៊ីឡាត់ ឲ្យកាន់តែសុះសាយនៅប្រទេសកម្ពុជា ។

លោកអគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិកើតឡើងបាន ដោយសារតែការរួមគ្នារបស់ប្រធាន អនុប្រធាន និងសមាជិកទំាងអស់ សហព័ន្ធដោយស្មារតី និងថវិកា ដើម្បីឲ្យសហព័ន្ធចលនា ។ ថ្នាក់ដឹកនាំសហព័ន្ធខិតខំជំរុញ កីឡាបញ្ចស៊ីឡាត់នេះ ឲ្យមានការរីកចម្រើនកាន់តែក្នុងប្រទេសកម្ពុជា ដើម្បីចេញទៅប្រកួត នៅក្រៅអាចដណ្តើមមេដាយ ជូនប្រទេសជាតិយើង។ ការប្រកួតធ្វើឡើងដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើម ដើម្បីត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ ៕

Most Popular

To Top