កីឡា

លោក ប៊ុន ផេង ៖ កីឡាជាសកម្មភាព ដែលផ្តល់មកនូវសុខភាពល្អ រាងកាយមាំមួន ព្រមទាំងបញ្ញាស្មារតី ឈ្លាសវៃ

ខេត្តកណ្តាល ៖ លោក ប៊ុន ផេង អភិបាលរង ខេត្តកណ្តាល បានមានប្រសាសន៍ថា កីឡាជាសកម្មភាព ដែលផ្តល់មក នូវសុខភាពល្អ រាងកាយមាំមួន ព្រមទាំងបញ្ញាស្មារតី ឈ្លាសវៃ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រជាបញ្ចកោណទាំង ៥ រួមមាន ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការ ប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន ចីរភាព និងបរិយាបន្ន, ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ។

លោក ប៊ុន ផេង អភិបាលរង ខេត្តកណ្តាលតំណាងឲ្យលោក គួច ចំរើន អភិបាលនៃគណៈអភិបាលបានឡើងនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងពិធីបិទការប្រកួតកីឡាសម្រាប់សិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ នៅទីលានបាល់ទាត់ខេត្តកណ្តាល ក្រុងតាខ្មៅ រៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

លោក ប៊ុន ផេង បានបន្តថា តាមរយៈមន្ទីរអប់រំ យុវជន និងកីឡាខេត្ត យើងឃើញថា វិស័យកីឡារបស់ខេត្តកណ្តាល មានការរីកចម្រើន គួរឱ្យកត់សម្គាល់ នេះគឺជាការយកចិត្តទុកដាក់ពីរដ្ឋបាល ក្រុង ស្រុក និងលោក លោកស្រី គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា ក្នុងខេត្តទាំងអស់ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ទន្ទឹមនេះ វិស័យកីឡា ក៏បានចូលរួមយ៉ាងសកម្ម ដើម្បីត្រៀមឆ្ពោះ ទៅការប្រកួតកីឡានានា ដោយបានរៀបចំផែនការ ប្រកួតកីឡាច្រើនប្រភេទ និងបានផ្សព្វផ្សាយគោល នយោបាយជាតិស្តីពីការ អប់រំកាយ និងកីឡា ដែលមានខ្លឹមសារ “ យុវជនម្នាក់ មានជំនាញកីឡាមួយ ប្រភេទយ៉ាងតិចប្រចាំជីវិត “ ព្រមទាំងបានចូលរួមចំណែកក្នុងការអនុវត្ត”ស្តង់ដាសាលារៀនគំរូ” ផងដែរ៕

Most Popular

To Top