ទីក្រុង LOS ANGELES ៖ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” កាលពីថ្ងៃអង្គារ បានការពារតម្លៃសំបុត្រ World Cup ដោយទទូចថា ស្ថាប័នគ្រប់គ្រងបាល់ ទាត់ពិភពលោក មានកាតព្វកិច្ចទាញយកអត្ថប្រយោជន៍ពីច្បាប់របស់អាមេរិក ដែលធ្វើឲ្យសំបុត្រ ត្រូវបានលក់បន្តក្នុងតម្លៃ រាប់ពាន់ដុល្លារលើសពីតម្លៃមុខ ។
FIFA បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះតម្លៃសំបុត្រសម្រាប់ការប្រកួត World Cup ដោយអង្គការអ្នកគាំទ្រ Football Supporters Europe (FSE) បានដាក់ឈ្មោះរចនាសម្ព័ន្ធតម្លៃថា “ហួសហេតុពេក” និង “ការក្បត់ដ៏ធំសម្បើម”។ FSE បានដាក់ពាក្យបណ្តឹងទៅគណៈកម្មការអឺរ៉ុបកាលពីខែមីនា ដោយកំណត់គោលដៅ FIFA លើ “តម្លៃសំបុត្រហួសហេតុ” សម្រាប់ការប្រកួត។
គេហទំព័រលក់បន្ត World Cup របស់ FIFA ផ្ទាល់ គឺ FIFA Marketplace កាលពីសប្តាហ៍មុន បានផ្សព្វផ្សាយសំបុត្រចំនួនបួន សន្លឹកសម្រាប់វគ្គផ្តាច់ព្រ័ត្រថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុងញូវយ៉ក ក្នុងតម្លៃជាង ២ លានដុល្លារក្នុងមួយសន្លឹក។
ថ្លែងក្នុងសន្និសីទសកល Milken Institute ទីក្រុង Beverly Hills លោក Infantino បាននិយាយថា តម្លៃដ៏គួរឲ្យចាប់អារម្មណ៍នេះ ឆ្លុះបញ្ចាំងពីតម្រូវការក្នុងការទស្សនាព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup”។ លោក Infantino បាននិយាយថា ប្រសិនបើមនុស្សមួយចំនួនដាក់លក់បន្តលើទីផ្សារ សំបុត្រសម្រាប់វគ្គផ្តាច់ព្រ័ត្រមួយចំនួនមានតម្លៃ ២ លានដុល្លារ លេខមួយវាមិនមានន័យថា សំបុត្រទាំងនោះមានតម្លៃ ២ លានដុល្លារនោះទេ ។
លោក Infantino បានបន្តថា ហើយលេខ២ វាមិនមានន័យថានរណាម្នាក់នឹងទិញសំបុត្រទាំងនេះទេ ។ ហើយប្រសិនបើនរណាម្នាក់ទិញសំបុត្រសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងតម្លៃ ២ លានដុល្លារ ខ្ញុំនឹងយកសាច់ក្រកក្តៅមួយ និងកូកាកូឡាមួយទៅគាត់ផ្ទាល់ ដើម្បីធានាថាគាត់មានបទពិសោធន៍ដ៏អស្ចារ្យ។
ក្រុមអ្នកគាំទ្របានប្រៀបធៀបភាពខុសគ្នានៃតម្លៃសំបុត្រសម្រាប់រដូវក្តៅនេះជាមួយនឹងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាតាក្នុងឆ្នាំ ២០២២។ សំបុត្រថ្លៃបំផុតសម្រាប់វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ ២០២២ គឺប្រហែល ១,៦០០ ដុល្លារតាមតម្លៃមុខ ខណៈឆ្នាំ ២០២៦ សំបុត្រថ្លៃបំផុតសម្រាប់វគ្គផ្តាច់ព្រ័ត្រគឺប្រហែល ១១,០០០ ដុល្លារតាមតម្លៃដើមរបស់វា៕
