ឡុងដ៍៖ខ្សែការពារអង់គ្លេស កីឡាករ Harry Maguire បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកមានការភ្ញាក់ផ្អើល និងសោកស្ដាយបំផុត ដែលត្រូវបានដកចេញពីក្រុមកីឡាបាល់ទាត់ជម្រើសជាតិ អង់គ្លេសសរបស់លោក Thomas Tuchel សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ World Cup ។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះ នឹងដាក់ឈ្មោះកីឡាករ ២៦ នាក់ របស់លោក សម្រាប់ការប្រកួតនៅអាមេរិកខាងជើងនៅថ្ងៃសុក្រ ហើយបានចាប់ផ្តើម ធ្វើការហៅទូរស័ព្ទទៅកាន់កីឡាករនៅថ្ងៃមុន។
កីឡាករ Maguire របស់ក្រុម Manchester United ជាផ្នែកមួយ នៃក្រុមជម្រើសជាតិអង់គ្លេសនាខែមីនា បន្ទាប់ពីបានទទួលការហៅទូរសព្ទ លើកដំបូងរបស់លោកក្រោមការដឹកនាំ របស់លោក Tuchel ប៉ុន្តែខ្សែការពារដែលបានបង្ហាញខ្លួន ៦៦ ប្រកួតរូបនេះបានបញ្ជាក់ថា លោកនឹងមិនទៅ World Cup ឡើយ ។
ខ្សែការពារកណ្តាលអាយុ ៣៣ ឆ្នាំរូបនេះ បានបង្ហោះនៅលើបណ្តាញសង្គមថា ខ្ញុំមានទំនុកចិត្តថា ខ្ញុំអាចដើរតួនាទីយ៉ាងសំខាន់នៅរដូវក្តៅនេះ សម្រាប់ប្រទេសរបស់ខ្ញុំបន្ទាប់ពីរដូវកាលដែលខ្ញុំមាន។ ខ្ញុំមានការភ្ញាក់ផ្អើល និងសោកស្ដាយចំពោះការសម្រេចចិត្តនេះ។ ខ្ញុំមិនស្រឡាញ់អ្វីក្រៅពី ការពាក់អាវនោះ និងតំណាងឲ្យប្រទេសរបស់ខ្ញុំក្នុងរយៈពេលជាច្រើនឆ្នាំមកនេះទេ។ ខ្ញុំសូមជូនពរឱ្យកីឡាករ ទាំងអស់ជួបតែសំណាងល្អនៅរដូវក្តៅនេះ។
ខ្សែការពារអង់គ្លេស Maguire បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ក្រុម United ចាប់តាំងពីលោក Michael Carrick ចូលកាន់តំណែងនៅ Old Trafford កាលពីខែមករា ដោយបានជួយក្រុមឲ្យបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបីក្នុងក្របខ័ណ្ឌ Premier League៕
