ភ្នំពេញ ៖នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយគណៈកម្មការរួម នៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកីឡាជាតិទំាង ១២ ប្រភេទកីឡា នៅសាលាប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក ដួង មាសចំរើន ជំនួយការក្រសួងអបរំ យុវជន និងកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គណៈកម្មការរួមនៃឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទាំងអស់ និងសហព័ន្ធកីឡាជាតិទំាង ១២ ប្រភេទកីឡា ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា មន្ត្រីបច្ចេកទេសមកពីសហព័ន្ធកីឡាជាតិទាំងអស់ គឺជាឆ្អឹងខ្នងនៃយុត្តិធម៌ របស់ព្រឹត្តិការណ៍ទាំងមូល ត្រូវកាត់ក្តីដោយតម្លាភាព និងគ្មានការលម្អៀង ត្រូវឈរលើគោលការណ៍ច្បាប់ និងបទបញ្ជា នៃការប្រកួតជាដាច់ខាត មិនត្រូវមានការយោគយល់ បក្សពួកនិយម ឬសម្ពាធពីខាងក្រៅណា មួយមកបង្ខូចលទ្ធផល នៃការប្រកួតបានឡើយ ។ លុបបំបាត់រាល់ទម្រង់នៃអំពើពុករលួយ និងការស៊ីសំណូក ដើម្បីធ្វើឲ្យការប្រកួតនេះ ធ្វើឡើងក្រោមប្រធានបទ «កីឡាដើម្បីការអប់រំ» ដូច្នេះរាល់សកម្មភាពកាត់សេចក្តីមិនស្មោះត្រង់ គឺជាការបំផ្លាញការអប់រំរបស់យុវជន ។
ការរៀបចំ ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២៦ ប្រព្រឹត្តិទៅសំដៅ ប្រមូលផ្តុំកីឡាករ-កីឡាការិនី ជាមហាជន គរុនិស្សិតដែលស្រឡាញ់វិស័យកីឡាឲ្យមានឱកាសបានចូលរួមប្រកួតប្រជែង ចែករម្លែកបទពិសោធន៍ បង្កើនភាពសប្បាយរីករាយ ពង្រឹងកាយសម្បទាមាំមួន បង្កើនកម្លាំងបញ្ញាស្មារតីឈ្លាសវៃ និងជៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម ជាងនេះទៅទៀត កីឡាករ -កីឡាការិនី អាចនឹងក្លាយជាកីឡាករ-កីឡាការិនីដែលមានកម្រិតខ្ពស់ អាចឈានដល់ការចូលរួម ប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា នាពេលអនាគត ។

លោករដ្ឋលេខាធិការ បានបន្តថា រាល់ការតវ៉ារបស់ប្រតិភូកីឡា ត្រូវតែដោះស្រាយភ្លាមៗតាមយន្តការបច្ចេកទេស ប្រកបដោយភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដើម្បីចៀសវាងការប៉ះទង្គិចគ្នា និងរក្សាបាននូវភាពស្ងប់ស្ងាត់លើទីលាន។ ត្រួតពិនិត្យអត្តសញ្ញាណ និងលក្ខខណ្ឌវិនិច្ឆ័យឲ្យបានត្រឹមត្រូវ ក្នុងដំណាក់កាលចាប់ឆ្នោតបែងចែកពូលនេះ គ្រប់គ្រឹះស្ថានសិក្សាត្រូវធានាថា អត្តពលិករបស់ខ្លួនពិតជា និស្សិតកំពុងសិក្សាពេញម៉ោងស្របច្បាប់ និងមានអាយុស្របតាមបទបញ្ជាការប្រកួត។ ដាច់ខាតមិនត្រូវមានការក្លែងបន្លំឯកសារ ឬលាក់បាំងអត្តសញ្ញាណ។ ប្រើប្រាស់ឆ្នាំ២០២៦ ជាការតេស្តសមត្ថភាពឆ្ពោះទៅធ្វើម្ចាស់ផ្ទះ AUG 2028» ព្រឹត្តិការណ៍ថ្នាក់ជាតិឆ្នាំ២០២៦ នេះ មិនមែនគ្រាន់តែជាការប្រកួតធម្មតានោះទេ ប៉ុន្តែវាគឺជា «ការហាត់សមសមត្ថភាពខ្នាតធំ» ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ (23rd ASEAN University Games 2028) នៅកម្ពុជា។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៦ ដែលមានរយៈពេល៩ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន១៨៧៦ នាក់ លើ១២ប្រភេទកីឡាដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT តេក្វាន់ដូITF ការ៉ាតេ និងគុនដាវ៕








