ភ្នំពេញ ៖ លោក ម៉ារ វង្សវិបុល ប្រធាន បច្ចេកទេស និងគ្រូឧទ្ទេស ខេមរសហព័ន្ធកីឡាយូដូ បានប្រាប់ឲ្យដឹងតាមអនឡាញថា ខេមរសហព័ន្ធកីឡាយូដូកំពុងជំរុញ ការហ្វឹក ហាត់ ដល់ក្រុមកីឡាករ-កីឡាការិនីយូដូវ័យ ក្មេងជាច្រើនរូប យ៉ាងសកម្មភាពនៅសាលហ្វឹកហាត់ដំបូល ទូករបស់ខេមរសហព័ន្ធកីឡាយូដូក្នុងពហុកីឡដ្ឋានជាតិក្រោយសហព័ន្ធកីឡាចំបាប់កម្ពុជា និងសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ។

ប្រធានបច្ចេកទេស និងគ្រូឧទ្ទេស បានបន្តថា ការហ្វឹកហាត់ដល់ក្រុមកីឡាករ-កីឡាការិនីយូដូវ័យក្មេង ដើម្បីត្រៀមខ្លួនចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ នឹងប្រព្រឹត្តទៅនៅទីក្រុងតាសកិន ប្រទេសអ៊ូសបេគីស្ថាន និងព្រឹតិ្តការណ៍ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ នឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។ កីឡាករ-កីឡាការិនីយូដូវ័យក្មេងចំនួន ៥ នាក់ក្នុងកីឡាករចំនួន ៤ នាក់ និងកីឡាការិនី ១ នាក់។

ខេមរសហព័ន្ធកីឡាយូដូ កំពុង កំណត់គោលដៅក្នុងពង្រីកសមាគម និងក្លិបកីឡាយូដូបន្ថែមទៀត បន្ទាប់ពីឆ្នាំ២០២៥ បានបង្កើតក្លិបកីឡាយូដូតាម សាលារៀនអន្តរជាតិចំនួន ២ នៅរាជធានីភ្នំពេញ លោករូប និងថ្នាក់ដឹកនាំខេមរសហព័ន្ធ នឹងបន្តអភិឌ្ឍនវិស័យកីឡាយូដូឲ្យកាន់តែរីកចម្រើនខ្លាំងឡើង។

លោក ម៉ារ វង្សវិបុល បានបញ្ជាក់ថា ផែនការបន្ទាប់របស់ខេមរសហព័ន្ធកីឡាយូដូ គឺវិទ្យាស្ថានអប់រំកាយ និងកីឡា របស់ក្រសួងអប់រំ យុវជន និងកីឡា លោកបានទាក់ទងជាមួយលោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិ អប់រំកាយនិងកីឡា និងអង្គការចៃកា ដើម្បីហ្វឹកហាត់ដល់គរុសិស្សវិទ្យាស្ថានជាតិ អប់រំកាយនិងកីឡា ក្រោមគម្រោងរបស់អង្គការចៃកាលើប្រភេទកីឡាយូដូផងដែរ។ ប្រសិនបើទទួលបានសិទ្ធិហ្វឹកហាត់ដល់គរុសិស្សពិតមែន ប្រភេទកីឡាយូដូអាចបង្កើតតាមបណ្តាខេត្តទូទាំងប្រទេស ដោយសារគរុសិស្សដែលជាគ្រូកីឡាអាចបង្ហាត់តាមខេត្តរបស់ពួកគាត់បានតែម្តង៕

