កីឡា

មាន់គោក បារាំងលត់ វាយឃីង ន័រវែស ៤-១ ឡើងឈរកំពូលតារាង Group I ក្នុងព្រឹត្តិការណ៍ World Cup 2026 ក្រោយ Dembélé ធ្វើបាន Hat-trick យ៉ាងលឿន

​នៅក្នុងការប្រកួតវគ្គសន្សំពិន្ទុចុងក្រោយក្នុងពូល I នៃពានរង្វាន់ FIFA World Cup 2026 ក្រុមជម្រើសជាតិបារាំង បានយកឈ្នះក្រុមជម្រើសជាតិន័រវែស ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៤-១ នៅកីឡដ្ឋាន Boston Stadium។

​ខ្សែប្រយុទ្ធ Ousmane Dembélé របស់បារាំងបានរកបានគ្រាប់បាល់ Hat-trick តែម្នាក់ឯងយ៉ាងលឿនបំផុតនៅក្នុងវគ្គទីមួយ នាទីទី ៧, ២០ និង ៣២ មុនពេលកីឡាករវ័យក្មេង Désiré Doué ថែមគ្រាប់ទីបួននៅនាទី ៩០+៤។ ដោយឡែក មួយគ្រាប់គត់របស់ន័រវែសរកបានដោយ Thelo Aasgaard នៅនាទីទី ២១ ខណៈដែលតារាឆ្នើម Erling Haaland និង Martin degaard ត្រូវបានគ្រូបង្វឹកសម្រេចចិត្តដាក់ឱ្យសម្រាកនៅលើកៅអីបម្រុង។

ន័រវែសក៏មានឱកាសមាសមួយដែរក្នុងវគ្គទីពីរ ប៉ុន្តែបាល់ប៉េណាល់ទីរបស់ Jorgen Strand Larsen ត្រូវបានអ្នកចាំទី Mike Maignan សង្គ្រោះបានយ៉ាងល្អ។

​បារាំងបញ្ចប់ក្នុងនាមជាក្រុមលេខ ១ ក្នុងពូល I មាន ៩ ពិន្ទុពេញ ឈ្នះ ៣ ប្រកួត ត្រូវឡើងទៅរង់ចាំជួបក្រុមលេខ ៣ ល្អបំផុតមកពីពូលផ្សេងទៀតក្នុងវគ្គ ៣២ ក្រុមចុងក្រោយ។

​ន័រវែស ឈរនៅចំណាត់ថ្នាក់លេខ ២ មាន ៦ ពិន្ទុ កក់កៅអីឡើងទៅវគ្គបន្តដូចគ្នា ដោយត្រូវតទល់ជាមួយក្រុមជម្រើសជាតិកូដឌីវ័រ Ivory Coast។

Most Popular

To Top