កូរ៉េខាងត្បូង ៖ តារាផ្សាយតាមទូរទស្សន៍ដ៏ពេញនិយម Jonathan Yiombi បានរកឃើញថា ខ្លួនលោកស្ថិតនៅចំកណ្តាលនៃការរិះគន់ និងការរំលោភបំពានយ៉ាងខ្លាំង បន្ទាប់ពីកូរ៉េខាងត្បូង ធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2026 ទោះបីជាមិនមានទំនាក់ទំនង ជាមួយកីឡានេះទាល់តែសោះក៏ដោយ ។
នាថ្ងៃទី ២៨ ខែមិថុនា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានយកឈ្នះអ៊ូសបេគីស្ថានក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup 2026 ហើយជាលទ្ធផល កូរ៉េខាងត្បូងត្រូវបានកាត់ចេញជាផ្លូវការពីការប្រកួត។ នេះជាព្រឹត្តិការណ៍ World Cup លើកដំបូងចាប់តាំងពីឆ្នាំ ២០១៨ ដែលកូរ៉េខាងត្បូងបានបរាជ័យក្នុងការឆ្លងកាត់វគ្គចែកពូល។
ការចាកចេញដ៏សោកសៅ របស់ក្រុមកូរ៉េខាងត្បូងពីការប្រកួតបានធ្វើឲ្យប្រទេសនេះខឹងសម្បារ ដោយកីឡាករ និងគ្រូបង្វឹកប្រឈមមុខ នឹងការស្តីបន្ទោសយ៉ាងខ្លាំង ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្របាល់ទាត់ជាច្រើនក៏បានរិះគន់ Jonathan ដោយសារតែអត្តសញ្ញាណ ជនជាតិកុងហ្គោរបស់គាត់។ តារាកំប្លែងរូបនេះ កើតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មុនពេលមកដល់ប្រទេសកូរ៉េ ជាជនភៀសខ្លួននៅពេលគាត់មានអាយុ ៨ ឆ្នាំ។
បណ្ដាញសង្គមរបស់លោក Jonathan ត្រូវបានអ្នកលេងអ៊ីនធើណេតដែលមានកំហឹងវាយប្រហារយ៉ាងខ្លាំង ដោយចោទប្រកាន់គាត់ថា បានអបអរសាទរក្រុមកុងហ្គោដោយសម្ងាត់ ទាមទារឲ្យមានការសុំទោស និងថែមទាំងស្តីបន្ទោសគាត់ចំពោះការបរាជ័យរបស់ក្រុមកូរ៉េទៀតផង។ ទោះជាយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធើណេតជាច្រើនក៏បានចេញមុខការពារគាត់ និងសុំទោសចំពោះការស្អប់ខ្ពើមដែលគ្មានមូលដ្ឋានដែលគាត់បានទទួល៕
