ភ្នំពេញ ៖ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមគ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាលជាតិ និងអាជ្ញាកណ្តាលអន្តរជាតិ កីឡាការ៉ាតេរបស់ប្រទេសកម្ពុជាចំនួន១០ រូបនឹងចេញដំណើរប្រឡង និងចូលរួមធ្វើអាជ្ញាកណ្តាល ព្រឹត្តិការណ៍“ The 13th South East Asian Karate Federation Championship” នៅទីក្រុង NINH BINH ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។

លោក ហេង ផេង គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេ បានប្រាប់តាមអនឡាញឲ្យដឹងថា ក្រុមគ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាលជាតិ និងអាជ្ញាកណ្តាលអន្តរជាតិកីឡាការ៉ាតេរបស់ប្រទេសកម្ពុជាចំនួន១០ រូបនឹងចេញដំណើរនាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ចំណែកកីឡាករ-កីឡាការិនីចំនួន ២៦ រូប ក្នុងនោះកីឡាការិនីចំនួន៧ រូប និងកីឡាករ ១៩ រូប នឹងចេញដំណើរនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

ក្រុមគ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាលជាតិ និងអាជ្ញាកណ្តាលអន្តរជាតិ ដោយសារគ្រូបង្វឹកចំនួនមួយត្រូវធ្វើការប្រឡង និងអាជ្ញាកណ្តាលជាតិ ចំនួនមួយក៏ត្រូវប្រឡងយកកម្រិតអាជ្ញាកណ្តាល អន្តរជាតិដែរ ដូច្នេះចេញដំណើរមុនមួយថ្ងៃ។ រីឯការប្រកួតនេះមានសារសំខាន់ណាស់កីឡាការ៉ាតេដើម្បីបង្កើនសមត្ថភាព បច្ចេកទេស ត្រៀមចូលរួមប្រកួតកីឡាលក្ខណៈអន្តរជាតិនានា។

លោក ហេង ផេង គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេ បានបន្តថា សហព័ន្ធកីឡាការ៉ាតេកម្ពុជាត្រៀមបញ្ជូនប្រតិភូ អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីកម្ពុជាលក្ខណៈទ្រុងទ្រាយធំចូលរួមព្រឹត្តិការណ៍“ The 13th South East Asian Karate Federation Championship” នៅទីក្រុង NINH BINH ប្រទេសវៀតណាម ចំនួន ៤០ រូបដូចជាលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធ កីឡាការ៉ាតេកម្ពុជា និងប្រធានប្រតិភូកីឡាការ៉ាតេកម្ពុជា លោក ម៉ៅ ម៉ុន នាយកបច្ចេកទេស អាជ្ញាកណ្តាលជាតិ និងអន្តរជាតិចំនួន ៦ រូប គ្រូបង្វឹក គ្រូជំនួយ ៦ រូប និងកីឡាករ-កីឡាការិនីចំនួន ២៦ រូប ក្នុងនោះកីឡាការិនីចំនួន៧ រូប និងកីឡាករ ១៩ រូប៕
ដោយ៖លី ភីលីព




