កីឡា

ក្រុមអត្តពលិកការ៉ាតេកម្ពុជា ទទួលបានសម្ភារ:សម្រាប់ប្រកួត មុនពេលចេញដំណើរចូលរួម The 13th South East Asian Karate Federation Championship នៅវៀតណាម 

 ភ្នំពេញ ៖នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងប្រធានសហព័ន្ធកីឡា ការ៉ាតេកម្ពុជា និងលោក អុិច សុខមនី អគ្គលេខាធិការរង សហព័ន្ធកីឡា ការ៉ាតេកម្ពុជា បានប្រគល់សម្ភារ: សម្រាប់ប្រកួតក្រុមកីឡាករ-កីឡា ការិនីជម្រើសជាតិការ៉ាតេ មុនចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៣ ឆ្នាំ២០២៦ នៅទីក្រុង NINH BINH ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។

 
លោក ហេង ផេង គ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាការ៉ាតេ បានប្រាប់ឲ្យដឹថា សម្ភារ:ប្រកួតដែលប្រគល់ ជូនក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិការ៉ាតេត្រៀមការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៣ ឆ្នាំ២០២៦ នៅទីក្រុង NINH BINH ប្រទេសវៀតណាមមានចំនួន១៨ ឈុតជូនដល់ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិការ៉ាតេកម្ពុជា ផ្នែកប្រយុទ្ធ ដែលជាការ ឧបត្ថម្ភរបស់លោក អុឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ និងអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងប្រធានក្លិបកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

 
លោកគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេ បានបន្តថា នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមគ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាលជាតិ និងអាជ្ញាកណ្តាលអន្តរជាតិកីឡាការ៉ាតេនឹងចេញដំណើរហើយ។ ចំណែកកីឡាករ-កីឡាការិនីចំនួន ២៦ រូប ក្នុងនោះកីឡាការិនីចំនួន៧ រូប និងកីឡាករ ១៩ រូប នឹងចេញដំណើរនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

 
បញ្ជាក់៖សហព័ន្ធកីឡាការ៉ាតេកម្ពុជាត្រៀមបញ្ជូនប្រតិភូ អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីកម្ពុជាលក្ខណៈទ្រុងទ្រាយធំចូលរួមព្រឹត្តិការណ៍“ The 13th South East Asian Karate Championship” នៅទីក្រុង NINH BINH ប្រទេសវៀតណាម ចំនួន ៤០ រូបដូចជាលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធ កីឡាការ៉ាតេកម្ពុជា និងប្រធានប្រតិភូកីឡាការ៉ាតេកម្ពុជា លោក ម៉ៅ ម៉ុន នាយកបច្ចេកទេស អាជ្ញាកណ្តាលជាតិ និងអន្តរជាតិចំនួន ៦ រូប លោក គ្រូបង្វឹក គ្រូជំនួយ ៦ រូប និងកីឡាករ-កីឡាការិនីចំនួន ២៦ រូប ក្នុងនោះកីឡាការិនីចំនួន៧ រូប និងកីឡាករ ១៩ រូប៕
ដោយ៖លី ភីលីព

Most Popular

To Top