ភាពស្ងាត់ជ្រងំនៅ Lisbon និងជុំវិញពិភពលោក ៖ ផ្ទុយស្រឡះពីខាងអេស្ប៉ាញ បរិយាកាសនៅតាមទីសាធារណៈ ក្នុងប្រទេសព័រទុយហ្គាល់បានប្រែជាស្ងាត់ច្រងំ ហាក់ដូចជាពេលវេលាត្រូវបានបញ្ឈប់ ។
អ្នកគាំទ្រជាច្រើនបានយកដៃខ្ទប់មុខ ខ្លះអង្គុយចុះដីទាំងអស់កម្លាំងចិត្ត និងខ្លះទៀតសម្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។
ក្តីសោកស្តាយចំពោះរឿងរ៉ាវចុងក្រោយ របស់ Ronaldo អ្វីដែលធ្វើឲ្យអ្នកគាំទ្រព័រទុយហ្គាល់ និងអ្នកស្រឡាញ់បាល់ទាត់ជុំវិញ ពិភពលោកក្តុកក្តួលបំផុតនោះគឺ “ក្រសែភ្នែក” របស់ពួកគេដែលសម្លឹងមើលទៅអេក្រង់ទូរទស្សន៍ មើលរូបភាព Cristiano Ronaldo ដើរចេញពីទីលាន។

វាជាភាពស្ងប់ស្ងាត់ដែលពោរពេញ ដោយការដឹងគុណ ប៉ុន្តែក៏បង្កប់ដោយភាពសោកស្តាយជាពន់ពេក ដែលមិនអាចឃើញវីរបុរសរបស់ខ្លួន បញ្ចប់អាជីពអន្តរជាតិដោយលើកពានរង្វាន់ដ៏ធំនេះ។
រូបភាពនៃការឱបគ្នាលួងលោមរវាងមិត្តភក្តិ ឬសូម្បីតែអ្នកគាំទ្រអេស្ប៉ាញដើរទៅទះស្មាសម្រាលទុក្ខអ្នកគាំទ្រ ព័រទុយហ្គាល់ នៅតាមកន្លែងទស្សនាផ្ទាល់នានា បានក្លាយជាទិដ្ឋភាពដ៏មានអត្ថន័យ និងបង្ហាញពីឥទ្ធិពល នៃកីឡាបាល់ទាត់ ដែលអាចអង្រួនបេះដូង មនុស្សគ្រប់គ្នាឲ្យរំភើប និងយំស្របពេលគ្នាយ៉ាងពិតប្រាកដ។



