កីឡា

មនុស្ស ៧ នាក់ រងរបួសដោយសារដើមឈើកម្ពស់ ២០ ម៉ែត្រ ដួលរលំចូលទីលានការប្រកួតបាល់ទាត់ សម្រាប់កុមារបឋមសិក្សា នៅកណ្តាលប្រទេសជប៉ុន

ស៊ីហ្ស៊ូអូកា៖អាជ្ញាធរមូលដ្ឋានបាននិយាយថា មនុស្ស ៧ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីដើមឈើមួយដើមបានដួលរលំលើទីលានកីឡាមួយ ក្នុងទីក្រុងហ្គោតេមបា ខេត្តស៊ីហ្ស៊ូអូកា ប្រទេសជប៉ុនក្នុងអំឡុងពេលការប្រកួតបាល់ទាត់ សម្រាប់កុមារបឋមសិក្សាកាលពីថ្ងៃអាទិត្យ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

ក្មេងស្រីមត្តេយ្យ ២ នាក់ បានរងរបួសស្រាល ខណៈស្ត្រី ៥ នាក់ដែលមានអាយុចន្លោះពី ៣០ ទៅ ៤០ ឆ្នាំត្រូវបានគេជឿថា បានរងរបួសចាប់ពីស្រាល ទៅធ្ងន់ធ្ងរ ទោះបីជាគ្មាននរណាម្នាក់គំរាមកំហែងដល់អាយុជីវិតក៏ដោយ។

យោងតាមអាជ្ញាធរ ៖ប៉ូលីសបានទទួលការហៅទូរសព្ទសង្គ្រោះបន្ទាន់ នៅម៉ោងប្រហែល ១២:០៥ រសៀល ដោយរាយការណ៍ថាដើមឈើមួយដើម ដែលមានកម្ពស់ប្រហែល ២០ ម៉ែត្របានដួលរលំ ហើយមនុស្សបានរងរបួស។ ពួកគេទាំង ៧ នាក់ហាក់ដូចជាឪពុកម្តាយ និងកុមារដែលបានមកមើលការប្រកួត។

ភ្លៀងបានធ្លាក់នៅហ្គោតេមបានៅយប់ថ្ងៃសៅរ៍ ប៉ុន្តែមិនមានភ្លៀងធ្លាក់នៅក្នុងទីក្រុងនៅថ្ងៃបន្ទាប់ទេ។ ឪពុកម្តាយម្នាក់បាននិយាយថា ទីលាននេះកំពុងធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់រយៈពេលពីរថ្ងៃចាប់ពីថ្ងៃសៅរ៍។

មនុស្សម្នាក់បានឃើញហេតុការណ៍នេះបាននិយាយថា សំឡេងប្រេះស្រាំត្រូវបានឮក្នុងអំឡុងពេលប្រកួត មុនពេលដើមឈើដួលរលំ។ កន្លែងកើតហេតុមានភាពច្របូកច្របល់ជាបណ្ដោះអាសន្ន ដោយមានរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងបានមកដល់ និងឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿង កំពុងដឹកអ្នករងរបួសម្នាក់ ៕

Most Popular

To Top