ភ្នំពេញ ៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានរៀបចំធ្វីតេស្ត BMI (Body Mass Index) ទៅលើកីឡាករ-កីឡាការិនីប្រភេទ កីឡាយូដូ ចំនួន ១០ នាក់ ដែលកំពុងហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ដោយមានការចូលរួមពីមន្ត្រីជំនាញ ផ្នែកអាហារូបត្ថម្ភរបស់អង្គការ JICA ប្រទេសជប៉ុន ព្រមទាំងមន្ត្រី និងគ្រូបង្វឹក ដើម្បីត្រៀមចូលរួមប្រកួតកីឡាអាស៊ីហ្គេមលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុង Nagoya ប្រទេសជប៉ុន នាខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ និងការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា។

ការធ្វើតេស្តនេះក្នុងគោលបំណងដើម្បីធ្វើបទបង្ហាញដល់គ្រូបង្វឹក កីឡាករ-កីឡាការិនីជម្រើសជាតិបានយល់ដឹងពីសន្ទស្សន៍រាងកាយ គឺជារង្វាស់ដែលប្រើប្រាស់សម្រាប់វាយតម្លៃរវាងទម្ងន់មនុស្យសមស្របទៅនឹងកម្ពស់ឬអត់? ការប្រឆាំង និងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា (Anti-Doping)។

ម្យ៉ាងវិញទៀតមន្រ្តីជំនាញខាងអាហារូបត្ថម្ភបានប្រឹក្សាយោបល់ អំពីរបបអាហារ និងការជ្រើសរើសអាហារត្រូវបរិភោគ ទាំងមុនពេលហ្វឹកហាត់ និងក្រោយពេលហ្វឹកហាត់ ធ្វើយ៉ាងណាត្រូវធានា ឲ្យបាននូវគុណភាពអាហារដើម្បីទ្រទ្រង់រាងកាយឲ្យមានតុល្យភាព និងរក្សានូវគុណផល កីឡាឲ្យបានកម្រិតខ្ពស់ តាមបែបវិទ្យាសាស្ត្រកីឡា ។

សព្វថ្ងៃនេះកីឡាករ-កីឡាការិនីជម្រើសជាតិយូដូចំនួន ១០ នាក់បានធ្វើការហ្វឹកហាត់ជាមួយគ្រូបង្វឹកជនជាតិជប៉ុន ក្រោមការជួយពីអង្គការ JICA ប្រទេសជប៉ុន និងក្រសួងអប់រំ យុវជន និងកីឡា៕





