កីឡា

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តជាប់ជាប្រធានសហព័ន្ធកីឡា ក្នុងទឹកកម្ពុជាអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩

ភ្នំពេញ៖លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានបន្តជាប់ជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា អាណត្តិទី ៨ (២០២៥-២០២៩) ក្រោយទទួលបានសម្លេងគាំទ្រច្រើនជាងគេពីការបោះឆ្នោតរបស់តំណាងក្លិប-សមាគម ដែលជាសមាជិករបស់សហព័ន្ធ ក្រោយទទួលបានតំណែងជាប្រធានក្នុងអាណត្តិថ្មី លោកប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យកីឡានេះឲ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងឱកាសមហាសន្និបាតសហព័ន្ធកីឡាក្នុងទឹកកម្ពុជាអាណត្តិទី៧ (២០២១-២០២៥) និងបន្តអាណត្តិទី៨ (២០២៥-២០២៩)ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា អាណត្តិទី៧ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក ប្រធានក្រុមហ៊ុនប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងជាអនុប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា លោក តែម ម៉ឺន អគ្គលេខាធិការរង NOCC និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំធំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)។ សហស្ថាបនិក

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា អាណត្តិទី៧ បានបន្តជាប់ឆ្នោតជាប្រធានសហព័ន្ធក្នុងអាណត្តិទី៨ ក្រោយបានសម្លេងគាំទ្រ ១០០ ភាគរយក្នុងចំណោមតំណាងក្លិប-សមាគមកីឡាក្នុងទឹកជាសមាជិកជាច្រើននាក់ ។ ជាមួយការប្តេជ្ញានឹងខិតខំប្រឹងប្រែង អភិវឌ្ឍន៍កីឡាក្នុងទឹកឲ្យកាន់តែមានភាពរីកច្រើន លោកបានជំរុញឲ្យសហព័ន្ធរៀបចំការ ប្រកួតជាច្រើនរួមមានការប្រកួតកីឡាហែលទឹកពានរង្វាន់ក្រុមហ៊ុន ជីប ម៉ុង ការប្រកួតកីឡាហែលទឹកឆ្លងកាត់ទន្លេមេគង្គ ក្នុងអាណត្តិទី៨នេះ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏ប្រកាសឲ្យដឹងថា ក្នុងនាមប្រធានសហព័ន្ធលោក នឹងខំស្វែងដៃគូឧបត្ថម្ភដើម្បីរៀបចំការប្រកួតឲ្យបានច្រើន ដើម្បីចម្រាញ់យកកីឡាករកីឡាការិនី ដែលមានសមត្ថភាពឲ្យចូលក្នុងក្រុមជម្រើសជាតិ និងបញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេស ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និងមន្ត្រីបច្ចេកទេស ជាដើម។

សមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ប្រចាំអាណត្តិទីVIII ឆ្នាំ២០២៥-២០២៩ មានចំនួន ១១ រូបរួមមាន លោក ស៊ុន ចាន់ថុល ប្រធាន លោក ប៉េង ពោធិ៍នា លោកអ្នកឧកញ៉ា លាង ឃុន លោក ទ្រី ដាលុច លោក សួង ហេង លោក ហឿន សំនៀង និងឧកញ៉ា ជា ហុយ ជាអនុប្រធាន លោក ហែម គីរី អគ្គលេខាធិការ លោក នាង សូរិទ្ធិយ៉ា អ្នកនាង ស៊ុន សីមុនី អគ្គលេខាធិការរង និងកញ្ញា ហែម ថុនវិទិនី ជាសមាជិក ៕

Most Popular

To Top