កីឡា

កម្ពុជា ទទួលបានការគាំទ្រ ជាឯកច្ឆន្ទ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា តែក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១២ ឆ្នាំ២០២៨

អ៊ូលានបាទ័រ, ម៉ុងហ្គោលី (ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦) – ព្រះរាជាណាចក្រកម្ពុជា បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដោយទទួលបានការគាំទ្រជាឯកច្ឆន្ទ ក្នុងការដណ្ដើមយកសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាតែក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១២ (12th Asian Taekwon-Do Championship) នាឆ្នាំ២០២៨ ខាងមុខ។

នៅក្នុងកិច្ចប្រជុំមហាសន្និបាតសហព័ន្ធតែក្វាន់ដូអាស៊ី (Asian TKD Federation 11th Congress / ATF EB Meeting) នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ មានប្រទេសបេក្ខភាពចំនួន ៣ ដែលបានដាក់ពាក្យស្នើសុំធ្វើជាម្ចាស់ផ្ទះ រួមមាន៖
១. ប្រទេសអ៊ុយស្បេគីស្ថាន (Uzbekistan)
២. ប្រទេសកៀគីស្ថាន (Kyrgyzstan) និង
៣. ព្រះរាជាណាចក្រកម្ពុជា (Cambodia)

ដោយមើលឃើញពីភាពជោគជ័យយ៉ាងខ្លាំង កាលពីការរៀបចំការប្រកួតជើង ឯកអាស៊ីអាគ្នេយ៍កន្លងមក ដែលបង្ហាញពីសមត្ថភាព រៀបចំកម្រិតខ្ពស់ និងភាពរៀបរយឥតខ្ចោះនោះ បានធ្វើឲ្យបណ្តាប្រទេស សមាជិកក្នុងតំបន់អាស៊ីទាំងអស់ សម្តែងនូវការកោតសរសើរ និងផ្តល់សេចក្តីទុកចិត្តយ៉ាងពេញទំហឹង ដោយបោះឆ្នោតគាំទ្រកម្ពុជាជាឯកច្ឆន្ទ ឲ្យទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ី ឆ្នាំ២០២៨ នេះតែម្តង។

ព្រឹត្តិការណ៍កីឡាកម្រិតអន្តរជាតិដ៏ធំមួយនេះ មិនត្រឹមតែជាឱកាសមាស ក្នុងការបង្ហាញសមត្ថភាព កីឡាករ-កីឡាការិនីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញប្រតិភូកីឡា អ្នកគាំទ្រ និងភ្ញៀវទេសចរអន្តរជាតិរាប់ពាន់នាក់មកទស្សនាកម្ពុជា ដែលជាកាតាលីករជួយជំរុញវិស័យទេសចរណ៍ ជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងវិស័យសេវាកម្ម អាហារដ្ឋាន សណ្ឋាគារ និងដឹកជញ្ជូនផងដែរ។

ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាមោទនភាព ដ៏ធំធេងសម្រាប់វិស័យកីឡាតែក្វាន់ដូ ITF និងវិស័យកីឡាជាតិទាំងមូល របស់កម្ពុជា ក្នុងការបន្តលើកកម្ពស់មុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងដល់វិស័យកីឡាជាតិ។

Most Popular

To Top