កណ្តាល ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីហាប់គីដូកម្ពុជាចំនួន១៨ នាក់របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានដំណើរដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតជើងឯកហាប់គីដូអាស៊ីលើកទី៣ ឆ្នាំ២០២៦ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង ប្រទេសចិនដោយការជូនពីសំណាក់ លោក សុទ្ធ សុភក្រ្ដ័ ប្រតិភូ និងលោក យ៉ាន់ បូរិន ប្រតិភូរងនៃសមាគមកីឡាហាប់គីដូក្រសួងមហាផ្ទៃ និងមន្រី្តសហព័ន្ធ។

លោក គង់ ចាន់ធីណា ជាគ្រូបង្វឹក បានប្រាប់ឲ្យដឹងថា ការចូលរួមព្រឹត្តិការណ៍ការប្រកួតជើងឯកហាប់គីដូអាស៊ីលើកទី៣ ឆ្នាំ២០២៦ (3rd Asian HAPKIDO Championships 2026) ឆ្នាំនេះមានសារសំខាន់ក្នុងការពង្រឹង និងពង្រីកកីឡាហាប់គីដូកម្ពុជាឲ្យមានការទទួលស្គាល់ និងសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។ ការចូលរួមប្រកួតលើកនេះ កីឡាករ-កីឡាការិនីបានត្រៀមខ្លួនរួចរាល់ក្នុងកម្រិតគុណភាពបច្ចេកទេស ជាពិសេសការហ្វឹកហាត់ត្រៀមខ្លួនអស់ពីកម្លាំងកាយចិត្តក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដើម្បីដណ្តើមលទ្ធផលល្អជូនប្រទេសជាតិយើង។

លោក គ្រូបង្វឹក បានបន្តថា ការចូលរួមប្រកួត ជើងឯកអាស៊ី នៅប្រទេសចិន នាពេលនេះ ជាផែនការយុទ្ធសាស្ត្រ ប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ក្នុងគោលដៅពង្រឹង និងពង្រីកវិស័យកីឡាហាប់គីដូកម្ពុជាឲ្យមានការទទួលស្គាល់ និងសាងកេរ្តិ៍ឈ្មោះនៅលើឆាក អន្តរជាតិផងដែរ ។ ចំណោមវិញ្ញាសាដែលត្រៀម ប្រកួតទាំងអស់របស់កីឡាករ- កីឡាការិនីហាប់គីដូកម្ពុជា គឺគ្រូបង្វឹករូបនេះដាក់ក្តីសង្ឃឹមខ្ពស់សម្រាប់ ការប្រជែងមេដាយជូនជាតិ គឺវិញ្ញាសាលោតកម្ពស់ និងលោតចម្ងាយ។

លោក គង់ ចាន់ធីណា បន្ថែមថា ចំពោះកីឡាករ-កីឡាការិនីហាប់គីដូកម្ពុជា បានប្រឹងប្រែងហ្វឹកហាត់ពេញ១ឆ្នាំ ក្នុងការត្រៀមប្រកួតទាំងក្នុងប្រទេស និងក្រៅប្រទេស ស្របតាមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សម្រាប់អាណត្តិក្រោមការដឹកនាំរបស់ឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ គឺប្រភេទកីឡានេះមានការរីកចម្រើនច្រើន ហើយយើងសង្ឃឹមថា កីឡាហាប់គីដូកម្ពុជាកាន់តែរីកចម្រើនកាន់តែលឿនជាងមុន ។

ជាចុងក្រោយ លោក គង់ ចាន់ធីណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងអប់រំ យុវជន និងកីឡា និង NOCC ដែលអនុញ្ញាត និងគាំទ្រ ក្នុងការបញ្ជូនអត្តពលិកហាប់គីដូកម្ពុជាចូលរួមប្រកួតជើងឯកអាស៊ី នៅប្រទេសចិន ឆ្នាំ២០២៦នេះ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ឧកញ៉ា សៅ សេងហាក់ និងថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ រួមទាំងក្រុមហ៊ុនជាដៃគូឧបត្ថម្ភគាំទ្រដល់ដំណើរបេសកមម្មចេញទៅប្រកួតអន្តរជាតិលើកនេះ។

សហ័ន្ធខ្មែរកីឡាហាប់គីដូបានបញ្ជូនប្រតិភូ១រូប គ្រូបង្វឹក ១ រូប គ្រូជំនួយ ២ រូប កីឡាករ១០រូប និងកីឡាការិនី ចំនួន៤រូប សរុប១៨រូប ក្នុងនោះមាន គ្រូបង្វឹក និងកីឡាករ-កីឡកាការិនី មកពីសមាគមកីឡាហាប់គីដូក្រសួងមហាផ្ទៃ ៧ រូបចូលរួម៕




