ភ្នំពេញ៖ លោក លីម ហ៊ួរនីតា ប្រធានសហព័ន្ធកីឡាផិក្កូប៊លកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាផិក្កូប៊លអន្តរជាតិ “International Pickleball” ពានរង្វាន់ STMarket ត្រូវបានរៀបចំឡើង ជាលើកដំបូង ដោយមានកីឡាករ-កីឡាការិនី ចូលរួមជាង ២០ប្រទេស ក្នុងនោះក៏មានកីឡាករអាជីព និងកីឡាករកម្រិតពិភពលោកចូលរួមប្រជែង ខណៈគោលបំណងចម្បង នៃការរៀបចំពានអន្តរជាតិនេះ គឺដើម្បីពន្លឿនការអភិវឌ្ឍជំនាញកីឡា នៅកម្ពុជាឲ្យកាន់តែលឿន។

ប្រធានសហព័ន្ធកីឡាផិក្កូប៊លកម្ពុជា បានបន្ថែមថា ផិក្កូប៊លជាប្រភេទកីឡាទាក់ទាញវិស័យទេសចរណ៍ខ្លាំង ខណៈប្រភេទកីឡាដ៏ថ្មីសម្រាប់កម្ពុជាមួយនេះបានកសាងសហគមន៍ ដោយបានផ្តល់ឱកាសដល់កីឡាករ កីឡាការិនីវ័យក្មេងរបស់យើងបានចូលរួមប្រកួតជាមួយកីឡាករវ័យចាស់ដល់ជាង៥០ឆ្នាំឡើងក៏មាន។ លោកបានបង្ហាញក្តីរីករាយជាខ្លាំង ដោយព្រឹត្តិការណ៍មួយនេះបានដំណើរការដោយរលូន និងជោគជ័យ។ ជាមួយគ្នានេះ ប្រធានសហព័ន្ធក៏បានលើកបង្ហាញពីគោលដៅបន្តរៀបចំនៅឆ្នាំក្រោយៗទៀត នៅខេត្តសៀមរាប ខេត្តព្រះសីហនុជាដើម ដោយបច្ចុប្បន្នយើងមានជាង១០ខេត្តហើយ ដែលមានវិស័យកីឡាផិក្កូប៊លនេះ។

លោក លីម ហ៊ួរនីតា បានបញ្ជាក់ថា គោលដៅ នៃការរៀបចំការប្រកួតអន្តរជាតិមួយនេះ គឺសហព័ន្ធមានបំណង ចង់ឲ្យវិស័យកីឡានេះកាន់តែរីកលូតលាស់យ៉ាងឆាប់រហ័ស ដោយកាលណាការប្រកួតតែក្នុងស្រុក នោះការប្រកួតប្រជែង និងកម្រិតគុណភាពបច្ចេកទេសមិន សូវលូតលាស់ល្អនោះឡើយ។ ដូច្នេះហើយ តាមរយៈការរៀបចំការ ប្រកួតពានរង្វាន់អន្តរជាតិ នៅកម្ពុជា ពេលនេះ យើងបានអញ្ជើញកីឡាករ-កីឡាការិនីអាជីពអន្តរជាតិមកចូលរួមប្រកួត ដើម្បីសាកល្បងសមត្ថភាព របស់អត្តពលិកអន្តរជាតិ និងអត្តពលិកកម្ពុជា។ កីឡាករអាជីពអន្តរជាតិនឹង បន្តស្នាក់នៅដល់ចុងខែសីហា ឆ្នាំ២០២៦នេះ ដើម្បីជួយបង្ហាត់បង្រៀនកីឡាករ-កីឡាការិនីកម្ពុជា៕








