កីឡា

លោក ប៉ុន សុខ អគ្គនាយកដ្ឋានកីឡា៖វិស័យអប់រំកាយ និងកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសុខភាព និងសុខុមាលភាព របស់កុមារា-កុមារីជាសិស្ស

ខេត្តព្រះវិហារ ៖ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា វិស័យអប់រំកាយ និងកីឡាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រសុខភាព និង សុខុមាលភាពរបស់សិស្ស ខណៈសកម្មភាពរាង កាយដែលសមស្រប និងមានសុវត្ថិភាព អាចជួយឲ្យសិស្សរក្សាសុខភាព កាយសម្បទា ស្មារតីសហការ និងភាពធន់ក្នុងការប្រឈមនឹងស្ថានភាពលំបាក ជាពិសេសសាលារងផលប៉ះពាល់ ឬមានការខ្វះខាតទីលាន និងសម្ភារៈកីឡា យើងត្រូវអនុវត្តតាមគោលការណ៍សុវត្ថិភាពជាអាទិភាព និងភាពបត់បែនតាមបរិបទ។

លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងណែនាំការប្រើ ប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា”រៀបចំដោយនាយកដ្ឋាន អប់រំកាយនិងកីឡាសិស្ស និស្សិត ក្រោមការសហការប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ។

លោកអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា សិក្ខាសាលា ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់ សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡានៅខេត្តព្រះវិហារ រៀបចំឡើងក្នុងបរិបទ ដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងបន្តជំរុញកំណែទម្រង់វិស័យអប់រំ និងលើកកម្ពស់គុណភាពអប់រំគ្រប់កម្រិត ដើម្បីកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ សមត្ថភាព សីលធម៌ វិន័យ និងសុខភាពល្អ ស្របតាមតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិបទនៃសតវត្សរ៍ទី២១។
ទស្សនៈនេះ អប់រំកាយ និងកីឡា មិនមែនជាមុខវិជ្ជាបន្ថែម ឬជាសកម្មភាពកម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកសំខាន់មួយនៃការអប់រំមនុស្សទាំងមូល។ ការអប់រំកាយ និងកីឡាជួយឲ្យសិស្សអភិវឌ្ឍសុខភាព កាយសម្បទា ជំនាញចលនា និងចំណេះដឹងអំពីការរស់នៅប្រកបដោយ សុខភាពល្អ។ ជាមួយគ្នានេះ វាក៏ជួយបណ្តុះវិន័យ ការទទួលខុសត្រូវ ស្មារតីសហការ ការគោរពច្បាប់ ភាពជាអ្នកដឹកនាំ ការអត់ធ្មត់ ស្មារតីកីឡា និងការគោរពអ្នកដទៃ។ ដូច្នេះ ការពង្រឹងការអប់រំកាយ និងកីឡាជាការរួមចំណែកដោយផ្ទាល់ដល់ការកសាងមូលធនមនុស្សមានសុខភាពល្អ មានសមត្ថភាព មានវិន័យ និងមានស្មារតីទទួលខុសត្រូវចំពោះសង្គម។

លោក ប៉ុន សុខ បានបន្ថែមថា ដំណើរការកែលម្អគុណភាពអប់រំ ការរៀបចំ និងដាក់ឲ្យប្រើប្រាស់ សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា ឆ្នាំ២០២៦ ជាជំហានដ៏សំខាន់មួយ សម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីសិក្សាឲ្យមានភាពច្បាស់លាស់ ឯកភាព និងគុណភាព។ សៀវភៅនេះ នឹងក្លាយជាឯកសារគោលសម្រាប់ជួយដល់ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រងការអប់រំ គ្រូបង្រៀន និងអ្នកពាក់ព័ន្ធ។ ការរៀបចំសិក្ខាសាលានេះ នៅខេត្តព្រះវិហារ មានអត្ថន័យពិសេស ព្រោះជាតំបន់ដែលគ្រឹះស្ថានសិក្សា និងសហគមន៍មួយចំនួនបានប្រឈមនឹងការលំបាក និងផលប៉ះពាល់ពីស្ថានភាពជម្លោះប្រដាប់អាវុធ និងសង្គ្រាមនៅតំបន់ព្រំដែន។

ក្រសួងនឹងបន្តយកចិត្តទុកដាក់ចំពោះការគាំទ្រសាលាមានតម្រូវការខ្ពស់ ដើម្បីធានាថា សិស្សគ្រប់រូប ទោះស្ថិតនៅទីណាក៏ដោយ មិនត្រូវបានទុកចោលពីឱកាសចូលរួមក្នុងអប់រំកាយ និងកីឡាឡើយ។ ក្នុងឱកាសនេះ លោកសូមស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ បន្តរួមគ្នាគាំទ្រសាលារៀនដែលរងផលប៉ះពាល់ និងមានការខ្វះខាត ដោយផ្តោតលើ សុវត្ថិភាព ការបន្តការសិក្សា សុខភាព និងសុខុមាលភាព របស់សិស្ស។ យើងត្រូវធ្វើឲ្យសាលារៀន ក្លាយជាកន្លែងដែលសិស្សមានអារម្មណ៍ថា មានសុវត្ថិភាព មានការគាំទ្រ និងមានឱកាសរៀនសូត្រ និងធ្វើសកម្មភាពរាងកាយសមស្រប។ ក្នុងកាលៈទេសៈណាក៏ដោយ កុមារគ្រប់រូបមានសិទ្ធិរៀន សិទ្ធិលេង និងសិទ្ធិទទួលបានឱកាសអភិវឌ្ឍរាងកាយ និងស្មារតី។ នេះជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡានឹងមិនត្រឹមតែជាឯកសារសម្រាប់អាន និងសិក្សាប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ កែលម្អគុណភាពការបង្រៀន និងការរៀនអប់រំកាយ និងកីឡា នៅគ្រប់គ្រឹះស្ថានសិក្សា។ យើងត្រូវរួមគ្នាធ្វើឲ្យសិស្សកម្ពុជាមាន សុខភាពល្អ កាយសម្បទារឹងមាំ ចំណេះដឹង ជំនាញ វិន័យ ស្មារតីសហការ និងទម្លាប់រស់នៅសកម្ម។ ជាពិសេស ក្នុងបរិបទដែលសាលារៀនមួយចំនួនកំពុងប្រឈមនឹងការលំបាក យើងត្រូវរួមគ្នាធានាថា «គ្មានសិស្សណាម្នាក់ត្រូវបានទុកចោល» ក្នុងការទទួលបានការអប់រំ និងឱកាសចូលរួមសកម្មភាព អប់រំកាយ និងកីឡាមានសុវត្ថិភាព និងមានគុណភាព៕

Most Popular

To Top