បរទេស៖ សមិទ្ធផលឈ្នះពានរង្វាន់ធំៗចំនួន ១៦ ក្នុងរយៈពេល ១០ ឆ្នាំរបស់លោក Pep Guardiola នៅក្លិប Manchester City កំពុងប្រឈមមុខនឹងភាពស្រអាប់យ៉ាងធ្ងន់ធ្ងរ ក្រោយគណៈកម្មការឯករាជ្យ របស់ Premier League រកឃើញថា ក្លិបមានពិរុទ្ធភាពលើការបំពានច្បាប់ហិរញ្ញវត្ថុជាង ១០០ ករណីចន្លោះឆ្នាំ ២០០៩ ដល់ ២០១៨ ដោយចាត់ទុកសម័យកាលជោគជ័យនេះថាជា «ការក្លែងបន្លំ» នេបើតាមការចេញផ្សាយពី ESPN ថ្ងៃទី១តុលា ឆ្នាំ២០២៦។
ភស្តុតាងដ៏ធ្ងន់ធ្ងរបំផុតបង្ហាញថា ម្ចាស់ក្លិបមកពី Abu Dhabi (ក្រុមហ៊ុន ADUG) បានបំប៉ោងប្រាក់ចំណូលឧបត្ថម្ភសិប្បនិម្មិតរហូតដល់ ៨៣០ លានផោន (ប្រមាណ ១,០៨ ពាន់លានដុល្លារ) ហើយទង្វើ នេះបានកើនឡើងយ៉ាងគំហុកចាប់ពីរដូវកាល ២០១២-១៣ មកម្ល៉េះ។
ភាពជោគជ័យរបស់ City មិនមែនកើតឡើងដោយចៃដន្យ ពេលលោក Pep មកដល់ក្នុងឆ្នាំ ២០១៦ នោះទេ។ ថ្នាក់ដឹកនាំ Abu Dhabi បានរៀបចំគ្រឹះតាំងពីឆ្នាំ ២០១២ ដោយនាំយកអតីតថ្នាក់ដឹកនាំ Barcelona គឺលោក Ferran Soriano និងលោក Txiki Begiristain មកកាន់តំណែងកំពូល ដើម្បីរៀបចំរចនាសម្ព័ន្ធ និងកសាងក្រុមដ៏មានប្រៀបដោយអយុត្តិធម៌ក្នុងការរង់ចាំលោក Pep។
គ្មាននរណាអាចបដិសេធទេពកោសល្យយុទ្ធសាស្ត្ររបស់លោក Guardiola បានឡើយ ដោយលោកបានកែប្រែទម្រង់បាល់ទាត់ពិភពលោក និងធ្លាប់ជោគជ័យត្រចះត្រចង់រួចមកហើយនៅ Barcelona និង Bayern Munich។ ទោះជាយ៉ាងណា សមិទ្ធផលបំបែកកំណត់ត្រា ដូចជាការឈ្នះពានលីគ ៤ រដូវកាលជាប់គ្នា និងការឈ្នះពាន ៣ ក្នុងមួយរដូវកាល ត្រូវបានគេមើលឃើញថាពឹងផ្អែកលើអត្ថប្រយោជន៍ហិរញ្ញវត្ថុមិនសុចរិត។
ថ្នាក់ដឹកនាំ Man City នៅតែបន្តប្រកាសភាពគ្មានកំហុស និងបានបញ្ជាក់ថានឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ។ ទោះជាយ៉ាងណា អ្នកវិភាគកីឡាបានចាត់ទុកថា កេរ្តិ៍ឈ្មោះក្លិបដែលមានអាយុកាល ១៤៦ ឆ្នាំមួយនេះ រួមទាំងកេរដំណែលរបស់អ្នកចាត់ការទូទៅ គឺមិនអាចគេចផុតពីផលប៉ះពាល់បានឡើយ។
ប្រែសម្រួល៖ គីរី
