បរទេស៖ ក្រុមជម្រើសជាតិព័រទុយហ្គាល់ ហាក់មិនបានរងផលប៉ះពាល់អ្វីឡើយ ពីភាពចម្រូងចម្រាសជុំវិញ រឿងរ៉ាវរបស់កីឡាករ Cristiano Ronaldo ដោយពួកគេបានយកឈ្នះលើក្រុមជម្រើសជាតិដាណឺម៉ាក ក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតពានរង្វាន់ UEFA Nations League នៅថ្ងៃព្រហស្បតិ៍។ ជ័យជម្នះនេះ បានជួយឱ្យព័រទុយហ្គាល់ ដែលជាម្ចាស់ការពារតំណែងជើងឯក បន្តរក្សាកំណត់ត្រាឈ្នះ ១០០% របស់ខ្លួនក្នុងរដូវកាលនេះដដែល នេះបើយោងតាមការចេញផ្សាយពីជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍នៅទីក្រុង Copenhagen នេះ កើតឡើងត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពី Ronaldo បានដើរចេញពីជំរុំហ្វឹកហាត់របស់ព័រទុយហ្គាល់ ក្រោយពីគ្រូបង្វឹកលោក Jorge Jesus បានប្រាប់ថា ខ្សែប្រយុទ្ធវ័យ ៤១ឆ្នាំរូបនេះ នឹងត្រូវបន្តអង្គុយកៅអីបម្រុងម្តងទៀត។
កីឡាករ Gonçalo Ramos ដែលត្រូវចូលលេងជំនួសតំណែងរបស់ Ronaldo បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយបានបញ្ជូនបាល់ឱ្យ João Cancelo ស៊ុតបញ្ចូលទីគ្រាប់ទី១ និងបានស៊ុតបញ្ចូលទីគ្រាប់ទី២ ខ្លួនឯងនៅ ២នាទីបន្ទាប់ពីកីឡាករ Mikkel Damsgaard របស់ដាណឺម៉ាក តាមស្មើនៅនាទីទី២៣។
កីឡាករ Rasmus Højlund បានជួយឱ្យដាណឺម៉ាក តាមស្មើជាថ្មីម្តងទៀតនៅនាទីទី៥៣ ហើយថែមទាំងបានធ្វើកាយវិការអបអរសាទរ “Siu” ដែលជាអត្តសញ្ញាណរបស់ Ronaldo ទៀតផង។
ទោះជាយ៉ាងណាក៏ដោយ Vitinha បានជួយឱ្យព័រទុយហ្គាល់នាំមុខជាថ្មីតាមរយៈការតែតបាល់បញ្ចូលទីពីការទាត់ហ្វ្រីឃីក របស់ Bruno Fernandes នៅនាទីទី៦៧ មុនពេល João Félix ស៊ុតនៅនាទីទី៨៧ ធានាបានជ័យជម្នះទាំងស្រុង។
ព័រទុយហ្គាល់ នឹងបញ្ចប់ការប្រកួតអន្តរជាតិរបស់ខ្លួន ដោយត្រូវបើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ក្រុមជម្រើសជាតិន័រវែស នៅថ្ងៃអាទិត្យ ខណៈដែលដាណឺម៉ាក នឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយក្រុមជម្រើសជាតិវែលស៍។
ប្រែសម្រួល៖ គីរី
