កីឡា

ក្រោយបរាជ័យ ក្នុងព្រឹត្តិការណ៍ World Cup ក្រុមជម្រើសជាតិប្រេស៊ីល ក្រោមការដឹកនាំរបស់លោក Ancelotti នៅតែរងការរិះគន់

បរទេស៖ អតីតខ្សែបម្រើប្រេស៊ីល លោក Felipe Melo បានរិះគន់តាមកញ្ចក់ទូរទស្សន៍ថា ក្រុមជម្រើសជាតិ ហាក់បានធ្លាក់ទម្រង់លេងជាង កាលពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដែលកាលនោះពួកគេបានធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយដោយថ្វីជើងន័រវែស (ដែលជាកំណត់ត្រាធ្លាក់លឿនបំផុតតាំងពីឆ្នាំ១៩៩០) នេះបើតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី៦​ ខែតុលា ឆ្នាំ២០២៦ ។

សម្រាប់ការប្រកួតមិត្តភាពថ្មីៗនេះ ប្រេស៊ីលបានលេងស្មើ ១-១ និងឈ្នះ ៤-២ លើក្រុមអូស្ត្រាលី មុនពេលបន្តយកឈ្នះលើឥណ្ឌា ៤-០ កាលពីថ្ងៃសៅរ៍។ ទោះបីជាទទួលបានជ័យជម្នះក្តី ប៉ុន្តែអ្នកគាំទ្រក្នុងស្រុកភាគច្រើននៅតែមិនពេញចិត្ត ហើយគ្រូបង្វឹកលោក Carlo Ancelotti កំពុងត្រូវបានគេចាត់ទុកថាជា “ការខកចិត្តយ៉ាងខ្លាំង” ។ ទោះយ៉ាងណា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានឆ្លើយតបយ៉ាងស្ងប់ស្ងាត់ថា លោកពេញចិត្តនឹងឱកាស ក្នុងការសាកល្បងកីឡាករថ្មីៗ។

បញ្ហាចម្បងរបស់លោក Ancelotti គឺការរៀបចំទម្រង់លេង។ ប្រេស៊ីលសម្បូរដោយខ្សែប្រយុទ្ធស្លាបឆ្នើមៗ ប៉ុន្តែនៅខ្សោយតំបន់បម្រើកណ្តាល ក្នុងការគ្រប់គ្រងបាល់ (មិនដូចអេស្ប៉ាញ)។ ការសាកល្បងប្រើទម្រង់ ៤-២-៤ ជាមួយនឹងខ្សែប្រយុទ្ធ៤នាក់ ក្នុងការប្រកួតដំបូងទល់នឹងអូស្ត្រាលី ត្រូវបានចាត់ទុកថាជាបរាជ័យ ដោយសារក្រុមប្រហោងធ្លាយ និងខ្វះភាពរលូន។

ការត្រលប់មកប្រើទម្រង់ ៤-៣-៣ វិញក្នុងការប្រកួតទី២ និងទី៣ ដោយបន្ថែមខ្សែបម្រើកណ្តាល (ដូចជា Gabriel Bontempo និង Andrey Santos) បានធ្វើឱ្យទម្រង់លេងរបស់ក្រុមមានភាពប្រសើរឡើង និងជួយឱ្យតំបន់ប្រយុទ្ធ (ដូចជា Vinícius Júnior ជាដើម) អាចស្វែងរកគ្រាប់បាល់បាន។

នៅខែក្រោយ ប្រេស៊ីលនឹងត្រូវប៉ះជាមួយជប៉ុន ក្នុងការប្រកួតមិត្តភាពនៅប្រទេសសិង្ហបុរី។ ដោយសារតែការខកចិត្តក្នុងព្រឹត្តិការណ៍ World Cup និងទម្រង់លេងដែលនៅតែរងការរិះគន់នាពេលថ្មីៗនេះ ការបង្ហាញទម្រង់លេងឱ្យបានល្អទល់នឹងក្រុមជប៉ុន ត្រូវបានគេមើលឃើញថាជារឿងដ៏សំខាន់បំផុត ដើម្បីធានាសុវត្ថិភាពការងាររបស់លោក Ancelotti ជាគ្រូបង្វឹកបន្តទៀត។

ប្រែសម្រួល៖ គីរី

Most Popular

To Top