បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi នឹងបង្ហាញខ្លួនជាលើកទី២០៨ ដែលជាការប្រកួតចុងក្រោយរបស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងការប្រកួតទល់នឹងក្រុមបេណាំង (Benin) ។ បុរសវ័យ ៣៩ឆ្នាំរូបនេះ បានសម្រេចចិត្តចូលនិវត្តន៍ ក្រោយបន្សល់ទុកកំណត់ត្រា ស៊ុតបញ្ចូលទីច្រើនជាងគេ (១២៥គ្រាប់) ធ្លាប់ជួយក្រុមឈ្នះពាន World Cup, ពាន Copa America ពីរដងជាប់គ្នា និងទើបតែរងបរាជ័យ ក្រោមថ្វីជើងអេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២៦ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

ការចាកចេញនេះ បន្សល់ទុកនូវសំណួរដ៏ធំមួយថា តើនរណានឹងជាអ្នកស្នងអាវលេខ១០ ដ៏មានឥទ្ធិពលនេះ។ ការស្វែងរកអ្នកស្នងតំណែង Messi គឺជារឿងដ៏លំបាកបំផុត ស្រដៀងនឹងពេលដែល Diego Maradona ចូលនិវត្តន៍ក្នុងឆ្នាំ១៩៩៤ ដែរ។ ទោះយ៉ាងណា បេក្ខភាពលេចធ្លោចំនួន ៤រូប ត្រូវបានគេមើលឃើញថាអាចនឹងទទួលរ៉ាប់រងតួនាទីនេះ៖
១. Julian Alvarez៖ ជាជម្រើសដែលមានសុវត្ថិភាពបំផុតសម្រាប់គ្រូបង្វឹកលោក Lionel Scaloni។ ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរបស់ក្លិប Atletico Madrid រូបនេះ មានបទពិសោធន៍ក្រាស់ក្រែល និងធ្លាប់រ៉ាប់រងតួនាទីប្រយុទ្ធជំនួស Messi ញឹកញាប់រួចមកហើយ ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦។ ទោះយ៉ាងណា ចំណុចខ្សោយរបស់គេ គឺគេមិនមែនជាអ្នកបង្កើតឱកាស (playmaker) ពីធម្មជាតិដូច Messi ឡើយ។
២. Nico Paz៖ ខ្សែបម្រើវ័យ ២២ឆ្នាំរបស់ក្លិប Como រូបនេះ មានទម្រង់លេងស្រដៀងនឹង Messi ជាពិសេសគឺការប្រើប្រាស់ជើងឆ្វេង និងភាពវៃឆ្លាតក្នុងការបង្កើតឱកាស រហូតធ្លាប់ទទួលបានការកោតសរសើរពី Messi ផ្ទាល់។ ប៉ុន្តែទាក់ទងនឹងការស៊ុតបញ្ចូលទី គេនៅមិនទាន់អាចប្រៀបធៀបនឹងភាពមុតស្រួចរបស់ Messi បាននោះទេ។
៣. Franco Mastantuono (ជម្រើសក្មេងជាងគេ)៖ យុវជនវ័យត្រឹម ១៩ឆ្នាំ ដែលកំពុងលេងឱ្យក្លិប Fiorentina រូបនេះ មានទម្រង់លេងអូសទាញពីស្លាបស្តាំចូលកណ្តាលដូច Messi។ Mastantuono មានភាពក្លាហាន និងធ្លាប់បានពាក់អាវលេខ១០ នេះម្តងរួចមកហើយ ដោយបានបំបែកកំណត់ត្រារបស់ Maradona ក្នុងនាមជាកីឡាករក្មេងជាងគេដែលពាក់អាវនេះ។
៤. Thiago Almada៖ ទោះបីជាជួបការលំបាកនៅអឺរ៉ុប ហើយបច្ចុប្បន្នត្រលប់មកលេងឱ្យក្លិប River Plate វិញក៏ដោយ ក៏កីឡាករវ័យ ២៥ឆ្នាំ ដែលធ្លាប់ឈ្នះ World Cup រូបនេះ នៅតែជាទីទុកចិត្តរបស់លោក Scaloni។ គេជាជម្រើសបន្ទាប់បន្សំ ប៉ុន្តែមានសមត្ថភាពអាចផ្លាស់ប្តូរទិសដៅលេងបានយ៉ាងលឿន។
ជារួម អាហ្សង់ទីនមិនអាចស្វែងរកបុគ្គលតែម្នាក់ដែលមានវេទមន្តដូច Messi មកជំនួសកន្លែងគាត់បានឡើយ។ ក្រុមទាំងមូលត្រូវតែវិវឌ្ឍទម្រង់លេង ដោយមានកីឡាករឆ្នើមៗខាងលើ រួមជាមួយខ្សែបម្រើដូចជា Mac Allister និង Enzo Fernandez ជួយគាំទ្រគ្នាជាធ្លុងមួយ។ ទន្ទឹមនឹងនេះ កីឡាករចាស់ៗមួយចំនួនទៀតក៏ត្រៀមចូលនិវត្តន៍ ខណៈខ្សែការពារ Cristian Romero ត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានក្រុមថ្មី។ នេះគឺជាការចាប់ផ្តើមសករាជថ្មីមួយ ដែលទាមទារឱ្យសមាជិកក្រុមទាំងអស់រួមសាមគ្គីគ្នា ដើម្បីជម្នះរាល់ឧបសគ្គនៅពេលខាងមុខ។
ប្រែសម្រួល៖គីរី
