កីឡា

លោក ណយ ផាណា ៖ ការប្រកួតកីឡាកាយសម្ព័ន្ធ​ នៃកីឡាជាតិ ២០២៦ ជាការអភិវឌ្ឍហេដ្ឋាសម្ព័ន្ធ ធនធានមនុស្ស មន្ត្រីបច្ចេកទេស អត្តពលិកក្នុងកម្រិតខ្ពស់

ភ្នំពេញ ៖ លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានគូសបញ្ជាក់ថា ការប្រកួតកីឡា កាយសម្ព័ន្ធ នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ រៀងរាល់ពីរឆ្នាំម្តងនេះ ដើម្បីអភិវឌ្ឍ នូវហេដ្ឋារចនាសម្ព័ន្ធ ប្រភេទកីឡាកាយសម្ព័ន្ធ ធនធានមនុស្ស មន្ត្រីបច្ចេកទេស ចៅក្រម គ្រូបង្វឹក កីឡាករ កីឡាការិនី ឱ្យទទួលបានលទ្ធផលល្អ ក្នុងកម្រិតគុណផលកីឡាកម្រិតខ្ពស់។

នេះជាការលើកឡើងនូររបាយការណ៍ សង្ខេបរបស់លោក ណយ ផាណា ក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធនៃកីឡាជាតិ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។

លោក ណយ ផាណា បានជម្រាបជូនថា ព្រឹត្តិការណ៍កីឡាជាតិ លើប្រភេទកីឡាកាយសម្ព័ន្ធ នាពេលនេះមានការ ចូលរួមពីក្រសួង-ខេត្តចំនួន០៥។ ដំណើរមកដល់រាជធានីភ្នំពេញរបស់ប្រតិភូ មន្ត្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមាន ប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស៤០នាក់ កីឡាករ-កីឡាការិនីចំនួន៦៦នាក់ រួមជាមួយមន្ត្រីស្ម័គ្រចិត្តចំនួន១០នាក់។ សកម្មភាពការងារប្រកួត៖
នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រជុំថ្នាក់ដឹកនាំក្រុម មន្ត្រីបច្ចេកទេស ដោយមានការចាប់ឆ្នោត និងប្រជុំ គណៈកម្មការចៅក្រម។ នៅថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ហ្វឹកហាត់ទៅតាមប្រភេទវិញ្ញាសា និងឧបករណ៍ជំនាញ Test event apparatus (Aerobic Gymnastics and Artistic Gymnastics) ក្នុងនោះសហព័ន្ធបានបើកវគ្គបំប៉ន បច្ចេកទេសចៅក្រមរយៈពេលមួយព្រឹកផងដែរ។ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ការប្រកួត (Aerobic Gymnastics and Artistic Gymnastics) បានប្រព្រឹត្តទៅរហូតដល់ព្រឹកថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកអគ្គលេខាធិការបន្ថែមថា ផ្អែកតាមលទ្ធផលនៃការប្រកួតកីឡាជាតិរយៈពេល០៥ថ្ងៃកន្លងមក យើងសង្កេតឃើញថា មន្ត្រីបច្ចេកទេស ចៅក្រម គ្រូបង្វឹក គ្រូជំនួយ មានការខិតខំអនុវត្តនូវភារកិច្ច និងតួនាទីប្រកបដោយក្រមសីលធម៌ ដោយកីឡាករ កីឡាការិនី បានប្រកួតប្រជែងគ្នាប្រកបដោយស្មារតីកីឡា (គោលការណ៍ Fair Play) និងបានបញ្ចប់ទៅដោយរលូន និងជោគជ័យ ។ បើយើងប្រៀបធៀបជាមួយកីឡាជាតិលើកទី៤ មានការកើនឡើងផ្នែក គុណផលបច្ចេកទេស ល្អជាងពេលមុនៗ ជាពិសេសក្នុងឆ្នាំនេះ សហព័ន្ធបានសហការណ៍ ជាមួយអង្គភាពពាក់ព័ន្ធដូចជា ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុមការងារពាក់ព័ន្ធ ទើបធ្វើឱ្យដំណើរការរៀបចំការ ប្រកួតកីឡាជាតិលើកទី៥ទទួលបាននូវលទ្ធផលយ៉ាងល្អ ជាពិសេសជាកត្តាជំរុញការ អភិវឌ្ឍកីឡាជំនាញឆ្ពោះទៅកាន់ឆ្នាំ២០២៧ កីឡាស៊ីហ្គេមលើកទី៣៤ នៅប្រទេសម៉ា ឡេស៊ី និងកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ ដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរួចរាល់ផងដែរ។

ដោយផ្អែកតាមលទ្ធផលបច្ចេកទេសនៃការប្រកួតកីឡាជាតិលើកទី៥ ដែលបានព្រឹត្តិទៅចាប់ពីថ្ងៃទី០៩-១៣ ខែវច្ឆិកា ឆ្នាំ២០២៦ យើងពិនិត្យឃើញថា មន្ត្រីបច្ចេកទេស ចៅក្រមមានការយល់ដឹងកាន់តែប្រសើរឡើង លើការវាយតម្លៃ ការដាក់ពិន្ទុជូនកីឡាករ កីឡាការិនីតាមវិញ្ញាសានីមួយៗ។ ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ ក៏បាន យល់ដឹង និងទទួលយកលទ្ធផលបច្ចេកទេសស្របតាមបទបញ្ជានៃការប្រកួតកីឡាជាតិលើកទី៥ រីឯកីឡាករ កីឡាការិនីមានការប្រកួតប្រជែងគ្នាស្របតាមបទបញ្ជានៃការប្រកួត ជាពិសេសគឺអនុវត្តបាននៅស្មារតីកីឡា គោលការណ៍លេងដោយយុតិធម៌ (គោលការណ៍ Fair Play) ជារួមគណៈកម្មការបច្ចេកទេស ចៅក្រុម គ្រូបង្វឹក គ្រូ ជំនួយ កីឡាករ កីឡាការិនី បានសហការគ្នាអនុវត្តលើការងារជំនាញ ដោយទទួលបានលទ្ធផលល្អ និងបញ្ចប់ការ ប្រកួតកីឡាជាតិលើកទី៥ ឆ្នាំ២០២៦ ដោយស្មារតីទទួលខុសត្រូវជោគជ័យដោយរលូន។

គួរបញ្ជាក់ថា លទ្ធផលជ័យលាភីសរុប១១វិញ្ញាសា ទាំងផ្នែកកាយសម្ព័ន្ធអាទីស្ទិក និងកាយសម្ព័ន្ធអាអេរ៉ូប៊ិក (ឯកត្តជន និងក្រុម) រួមមាន៖ ក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ១ ដណ្តើមបានមេដាយសរុប ១០គ្រឿង (មាស ៥ ប្រាក់៤ និងសំរឹទ្ធិ១) ក្រសួងការពារជាតិ លេខ២ មេដាយសរុប ១០គ្រឿង (មាស៤ ប្រាក់៣ និងសំរឹទ្ធិ៣) ខេត្តក្រចេះ មេដយសរុប ៧គ្រឿង (មាស១ ប្រាក់២ និងសំរឹទ្ធិ៤) ខេត្តកំពង់ឆ្នាំង លេខ៤ មេដាយសរុប ៤គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធិ២) ខណៈខេត្តស្ទឹងត្រែង មេដាយសរុប២គ្រឿង (ប្រាក់១ និងសំរឹទ្ធិ១)៕

Most Popular

To Top