កីឡា

លោក ហែម គីរី ៖ ការប្រកួតកីឡាហែលទឹក នៃកីឡាជាតិ និងកីឡាជាតិជនពិការ ជាដំណើរឆ្ពោះទៅរកគោលដៅ របស់កីឡាករ-កីឡាការិនីកម្ពុជារីកចម្រើន

ភ្នំពេញ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦–លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធកីឡាក្នុងទឹកកម្ពុជាបានលើកឡើងថា ការប្រកួតប្រភេទកីឡាហែលទឹក និងហែលទឹកពាក់ជើងទា និងហែលទឹកជនពិការ នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ គឺគណៈកម្មការបច្ចេកទេសបានរកឃើញលទ្ធផលបច្ចេកទេសល្អ ដែលជាការបោះជំហានទៅមុខជាបន្តបន្ទាប់ ក្នុងគោលដៅដើម្បីឱ្យកីឡាករ កីឡាការិនីក្នុងប្រទេសកម្ពុជា មានការរីកចម្រើនដោយត្រូវចាប់ផ្តើមពីយុវជន-យុវតីទៅ។

ការលើកឡើងរបស់លោកអគ្គលេខាធិការបានធ្វើឡើងនៅក្នុងពិធីបិទការប្រកួតកីឡាហែលទឹកនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ដោយទទួលបានការអញ្ជើញជាអធិបតីពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

លោក ហែម គីរី គូសបញ្ជាក់ថា ប្រភេទកីឡាហែលទឹក និងហែលទឹកពាក់ជើងទា មានក្រសួង រាជធានី-ខេត្តចំនួន ១១បានចូលរួម ដោយមានកីឡាករ កីឡាការិនីចូលរួមសរុប ៩៤នាក់ (ប្រុស៦៥នាក់ និងស្រី ២៩នាក់) គ្រូបង្វឹក គ្រូជំនួយ ២២នាក់ និងមន្ត្រីគណៈកម្មការបច្ចេកទេស២២នាក់ ចូលរួមដឹកនាំកាត់សេចក្តីក្នុងការប្រកួត។ សហព័ន្ធបានរៀបចំវិញ្ញាសាសរុបចំនួន ១៩ (កីឡាករ ១០វិញ្ញាសា និងកីឡាការិនី ៩វិញ្ញសា)។ ចំពោះប្រភេទកីឡាហែលទឹកជនពិការមានរាជធានី ខេត្តចំនួន ៨ ចូលរួម មានកីឡាករ កីឡាការិនីចូលរួមសរុប ២៤នាក់ (ប្រុស ១៥នាក់ ស្រី ៩នាក់) គ្រូបង្វឹក គ្រូជំនួយចំនួន ១៦នាក់ នឹងមន្ត្រីគណៈកម្មការបច្ចេកទេស ៩នាក់ ចូលរួមដឹកនាំកាត់សេចក្តីក្នុងការប្រកួត ដោយមាន៨វិញ្ញាសា (កីឡាករ ៥វិញ្ញាសា និងកីឡាការិនី ៣វិញ្ញសា)។

លោកអគ្គលេខាធិការបន្ថែមថា ការរៀបចំការប្រកួតកីឡាហែលទឹក ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ គឺទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា។ អ្វីដែលសហព័ន្ធខ្មែរកីឡាហែលទឹកផ្តោតសំខាន់ គឺឱកាសចូលរួមកីឡាករ កីឡាការិនីវ័យក្មេង ជាពិសេសសិស្សានុសិស្សសិក្សានៅតាមវិទ្យាល័យទូទាំងប្រទេសកម្ពុជា ដែលបានបណ្តុះបណ្តាលចេញពីសហព័ន្ធ និងតាមបណ្តាខេត្ត។ ចំណែកលទ្ធផលបច្ចេកទេស យើងបានបោះជំហានទៅមុខជាបន្តបន្ទាប់ ជាគោលដៅដើម្បីឱ្យកីឡាករ កីឡាការិនីក្នុងប្រទេសកម្ពុជា មានការរីកចម្រើន យើងត្រូវចាប់ផ្តើមពីយុវជន-យុវតីទៅ។

លោកបានដាក់ក្តីសង្ឃឹមថា កីឡាករ កីឡាការិនីចូលរួមក្នុងការប្រកួតនេះអាចធ្វើឱ្យយើងជ្រើសរើសកីឡាករ កីឡាការិនីល្អៗត្រៀមចូលរួមជាមួយនឹងក្រុមជម្រើសជាតិកម្ពុជានាថ្ងៃអនាគត។ តាំងនាមគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានឧបត្ថម្ភគាំទ្រថវិកាសម្រាប់រៀបចំកម្មវិធីប្រកួត។

គួរបញ្ជាក់ថា លទ្ធផលជ័យលាភី រួមមាន៖ ផ្នែកហែលទឹក និងហែលទឹកពាក់ជើងទា ចំណាត់ថ្នាក់លេខ១ ក្រសួងមហាផ្ទៃឈ្នះមេដាយសរុប ១៥គ្រឿង (មាស៥ ប្រាក់៦ សំរឹទ្ធិ៤) លេខ២ ក្រសួងការពារជាតិ មេដាយសរុប ១២គ្រឿង (មាស ៥ ប្រាក់៣ សំរឹទ្ធិ៤ លេខ៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយសរុប ៨គ្រឿង (មាស ៣ ប្រាក់២ សំរឹទ្ធិ៣) គ្រាដែល ខេត្តព្រៃវែង ឈរលេខ៤ ជាមួយមេដាយសរុប៤គ្រឿង (មាស២ ប្រាក់១ សំរឹទ្ធិ១) ខណៈ៤ខេត្តទៀតទទួលបានមេដាយមាសម្នាក់១គ្រឿងដូចគ្នា រីឯ៣ខេត្តទៀតទទួលបានមេដាយប្រាក់ និងសំរឹទ្ធិ និងឈរនៅលេខរៀងបន្តបន្ទាប់ ក្នុងចំណោម១១ក្រសួង-រាជធានីខេត្ត។ ចំពោះជ័យលាភីកីឡាហែលទឹកជនពិការ ដោយមានការចូលរួមសរុបពី៨រាជធានី-ខេត្ត រួមមាន៖ ខេត្តកែប ឈរលេខ១ មេដាយសរុប៧គ្រឿង (មាស៥ និងសំរឹទ្ធិ២) ខេត្តកណ្តាល ឈរលេខ៣ មេដាយសរុប៥គ្រឿង (មាស២ ប្រាក់២ សំរឹទ្ធិ១) ខណៈលេខ៣ បានទៅលើខេត្តតាកែវ មេដាយសរុប ៦គ្រឿង (មាស១ ប្រាក់២ និងសំរឹទ្ធិ៣)៕
ដោយ៖លី ភីលីព

Most Popular

To Top