បច្ចេកវិទ្យា

សែលកាត រៀបចំទទួលស្វាគមន៍ គណៈប្រតិភូ រាជរដ្ឋាភិបាល ដើម្បីបង្ហាញ បច្ចេកវិទ្យា 5G

ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំទទួលស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវការ របស់រាជរដ្ឋាភិបាល មកកាន់ទីតាំងដំឡើងគ្រឿង បច្ចេកវិទ្យា 5G ដើម្បីបង្ហាញជូន នូវអ៊ីនធឺណិតល្បឿនលឿនអស្ចារ្យបំផុត សម្រាប់ដាក់បម្រើជូន អតិថិជននាពេលឆាប់ៗខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ។

ដំណើរទស្សនកិច្ចផ្លូវការនេះ ត្រូវបានដឹកនាំដោយ អគ្គនាយកក្រុមហ៊ុនសែលកាត អ្នកឧកញ៉ា គិតម៉េង និងអមដំណើរដោយភ្ញៀវកិត្តិយស លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) និងគណៈប្រតិភូ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ជាច្រើនរូបទៀត។

សមាជិកជាន់ខ្ពស់ នៃគណៈប្រតិភូរួមមាន លោក ខាន់ សារ៉ាក់ រដ្ឋលេខាធិការប្រចាំការ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ លោក ជា ម៉ានិត រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្រ្តី និងលោក ម៉ៅ ចរិយា ប្រធាននិយ័តករ ទូរគមនាគមន៍កម្ពុជា។

ក្រុមប្រតិភូបានអញ្ជើញ ទស្សនាផ្ទាល់ នូវការធ្វើតេស្តបច្ចេកវិទ្យា 5G នៅក្រុមហ៊ុនសែលកាត ដោយលទ្ធផលធ្វើតេស្ត បានបង្ហាញនូវកម្រិត ល្បឿនអ៊ីនធឺណិត ដ៏លឿនអស្ចារ្យបំផុត រហូតដល់ទៅ 1.6GB ឯណោះ។

ការធ្វើតេស្តបង្ហាញជូននេះ បានបង្ហាញឱ្យឃើញច្បាស់ នូវការត្រៀមលក្ខណៈរួចរាល់ ទៅលើផ្នែកបច្ចេកទេស និងការប្តេជ្ញាចិត្តដ៏មុតមាំ របស់ក្រុមហ៊ុន សែលកាត ក្នុងការនាំយកបច្ចេកវិទ្យាថ្មីនេះ មកបម្រើជូនអតិថិជន នៅក្នុងឆ្នាំ 2020។

លោក ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង  ជាមួយដំណើរវិវត្តន៍ នៃគម្រោងបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនសែលកាត ក្នុងការជួយគាំទ្រដល់គំនិតផ្តួចផ្តើម នៃគម្រោងសេដ្ឋកិច្ចឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជា” ។

ប្រាកដណាស់ 5G នឹងក្លាយជា បច្ចេកវិទ្យាឈានមុខគេ ក្នុងការជួយជំរុញ សេដ្ឋកិច្ចប្រទេសកម្ពុជា ហើយទន្ទឹមនឹងនោះយើងក៏ត្រូវត្រៀមខ្លួន ឱ្យបានរួចរាល់ ដើម្បីចាប់យករាល់អត្ថប្រយោជន៍របស់វា និងធានាថាបច្ចេកវិទ្យានេះ ពិតជាជួយជំរុញដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ក៏ដូចជាជួយលើកស្ទួយ ដល់វិស័យឧស្សាហកម្ម ក្នុងស្រុក និងជីវភាព របស់ប្រជាពលរដ្ឋយើងផងដែរ”។

យើងចង់ឱ្យប្រទេសកម្ពុជា ក្លាយជាគោលដៅលេចធ្លោ ជាងគេបំផុត ផ្នែកបច្ចេកវិទ្យា 5G នៅក្នុងតំបន់អាស៊ាន និងសម្រាប់ក្រុមហ៊ុនទាំងអស់ ដែលមានបំណង ចង់ក្លាយជាអ្នកឈានមុខគេក្នុងការប្រើប្រាស់ បច្ចេកវិទ្យាដ៏អស្ចារ្យមួយនេះ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ឱ្យដឹងថា លោកពិតជាមានក្តី សោមនស្សរីករាយបំផុត ដែលបានបង្ហាញ នូវសមត្ថភាពនិងល្បឿនអ៊ីនធឺណិត របស់បច្ចេកវិទ្យា 5G ជូនដល់ លោករដ្ឋមន្រ្តី និងគណៈប្រតិភូទាំងមូល។

អ្នកឧកញ៉ាបានបន្ត មានប្រសាសន៍ទៀតថា៖ “ដំណើរទស្សនកិច្ចនេះ បានបង្ហាញនូវការយល់ដឹង និងការប្តេជ្ញាចិត្តរបស់ MPTC ក្នុងការជួយគាំទ្រ ដល់ការនាំយកបច្ចេកវិទ្យា 5G មកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាឆន្ទៈ របស់ក្រសួងក្នុងការសហការ យ៉ាងជិតស្និទ្ធ ជាមួយប្រតិបត្តិករ ទៅលើបដិវត្ត ឧស្សាហកម្មដ៏ទំនើប អស្ចារ្យមួយនេះ”។

នេះជាការបើកទំព័រ ប្រវត្តិសាស្រ្តថ្មី សម្រាប់ក្រុមហ៊ុន សែលកាត និងសម្រាប់ប្រទេសកម្ពុជាទាំងមូល ដោយខណៈនេះក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អាចសម្រេច ទស្សនៈវិស័យ របស់ខ្លួនចំពោះការជួយគាំទ្រ ប្រទេសកម្ពុជា ក្នុងការចាប់យកអត្ថប្រយោជន៍ដ៏ សម្បើមលើសលុប នៃវិស័យឌីជីថល។

យើងបានធ្វើការសហការគ្នា យ៉ាងជិតស្និទ្ធបំផុត រវាងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ នៅក្នុងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាពិសេសផ្នែក ICT ដោយពួកយើងកំពុងផ្តោត ការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគុណប្រយោជន៍ នៃការផ្តល់សេវាកម្ម អ៊ីនធឺណិត (Internet Service Provision)  មាតិកាឌីជីថល (Digital Content) និងសេវាទូទាត់ប្រាក់ តាមឌីជីថល Digital Payment តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា 5G នៅក្នុងថ្ងៃអនាគត។

ក្នុងនាមជាប្រតិបត្តិករ គ្រប់គ្រងដោយជនជាតិខ្មែរ ក្រុមហ៊ុនសែលកាត ពិតជាមានមោទនភាព និងក្តីរំភើបរីករាយបំផុត ដែលក្រុមការងារទាំងមូល របស់យើងមានឱកាស បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយលើកស្ទួយ អនាគតប្រទេសកម្ពុជា។

គួររំលឹកផងដែរ ក្នុងអំឡុងខែឧសភាឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ជាមួយ MPTC លើការសហការ និងការរៀបចំផែនការ សម្រាប់បច្ចេកវិទ្យា 5G និងការអភិវឌ្ឍវិស័យឌីជីថល នៅក្នុងប្រទេសកម្ពុជា៕

Most Popular

To Top