បរទេស៖ក្រោយមានសេចក្តីរាយការណ៍មួយថា ទីក្រុងវ៉ាស៊ីនតោនកំពុងតែ ចរចាលក់កូនដ្រូនដ៏ទំនើបតិចបំផុត៤គ្រឿង ឲ្យកោះតៃវ៉ាន់នោះ ក្រសួងការបរទេសរបស់ ប្រទេសចិន បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកគួរតែឈប់លក់ អាវុធឲ្យកោះតៃវ៉ាន់ ដើម្បីបញ្ចៀសការធ្វើឲ្យប៉ះពាល់ដល់ចំណង មិត្តភាពទ្វេភាគី។
ដោយពោលសំដៅដល់គោលការណ៍ ដែលនិយាយថា តៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន លោក វ៉ាង វេនប៊ីន ជាមន្ត្រីនាំពាក្យក្រសួង ការបរទេសចិន បាននិយាយប្រាប់សន្និសីទកាសែតមួយថា ការលក់អាវុធអាមេរិក គឺបំពានយ៉ាងធ្ងន់ធ្ងរ ចំពោះគោលការណ៍ “ប្រទេសចិនតែមួយ”។
គួរបញ្ជាក់ថា កូនដ្រូនចរចាកម្ម SeaGuardian ដែលអាមេរិកគ្រោងលក់ឲ្យតៃវ៉ាន់នេះ តាមសេចក្តីរាយការណ៍ មានរយៈចម្ងាយហោះហើរបាន៦.០០០ម៉ាយ គឺហោះបាន១៦០ម៉ាយឆ្ងាយជាងកងកូនដ្រូនបច្ចុប្បន្នរបស់តៃវ៉ាន់ ដែលនឹងផ្តល់ឲ្យកោះតៃវ៉ាន់នូវសមត្ថភាពដ៏អស្ចារ្យឡើង ក្នុងការឃ្លាំមើលប្រទេសចិន អង្កេតតាមដានកងកម្លាំងដែនអាកាស មីស៊ីលនិងទីតាំងអគារផ្សេងៗទៀត៕ប្រែសម្រួល៖ប៉ាង កុង

