បរទេស៖កងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសឲ្យដឹងថា មូលដ្ឋានទ័ពអាកាស Hill នៅក្នុងរដ្ឋយូថាហ៍ បានបង្ហាញឲ្យឃើញនូវសមត្ថភាពដ៏គួរឲ្យកត់សម្គាល់នៃយន្តហោះចម្បាំង F-35A ជាមួយការហោះឡើងដោយប្រើរយៈពេលដ៏ខ្លី។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សមយុទ្ធយោធានៅមូលដ្ឋានទ័ពអាកាសនោះ គឺធ្វើឡើងកាលពីសប្ដាហ៍មុន ដោយមានទាំងប្រតិបត្តិការហាត់សមស្ទាក់ដំណើរយន្តហោះស៊ីវិលចំនួនពីរ ជុំវិញកម្មវិធីតេស្តនិងហ្វឹកហាត់ ក្នុងសកម្មភាពប្រកាសអាសន្នរហ័ស។
គួរបញ្ជាក់ថា នេះគឺជាលើកទីមួយហើយ ដែលកងយន្តហោះចម្បាំង F-35A នៃមូលដ្ឋានទ័ពអាកាស Hill បានធ្វើសមយុទ្ធ ចាប់តាំងពីយន្តហោះចម្បាំងបំបាំងកាយ F-35A បានចាប់ផ្តើមបញ្ជូនទៅក្នុងឆ្នាំ២០១៥។ ក្នុងពេលបច្ចុប្បន្ននេះ វាមានយន្តហោះ F-35A ចំនួនដល់ទៅ៧៨គ្រឿង៕ ប្រែសម្រួល៖ប៉ាង កុង


