បច្ចេកវិទ្យា

ភីកអាប់ Jeep Gladiator នឹងមានប្រភេទ Hybrid ដូច Wrangler ដែរ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តភីកអាប់ Jeep Gladiator នឹងមានប្រភេទប្រើម៉ាស៊ីន Hybrid ស្រដៀងទៅនឹងម៉ូដែល Jeep Wrangler ដែរ។

ថ្វីបើ Jeep មិនបានបញ្ជាក់ច្បាស់ពីព័ត៌មានលម្អិត ប៉ុន្តែគេប៉ាន់ស្មានថា Gladiator ថ្មីនោះនឹងបំពាក់ម៉ាស៊ីន Plug-in Hybrid ស្រដៀងនឹង Wrangler 4xe។ គួរឲ្យដឹងដែរថា ទាំង Gladiator និង Wrangler បានប្រើប្រាស់គ្រោងឆ្អឹង, ម៉ាស៊ីន និង ផលិតនៅក្នុងរោងចក្រតែមួយទៀតផង។

រថយន្ត Jeep Wrangler 4xe បានបង្ហាញខ្លួននៅសហរដ្ឋអាមេរិក កាលពីចុងឆ្នាំ២០២០ ដោយមានតម្លៃចាប់ពីជិត ៥ម៉ឺនដុល្លារ។ វាដំណើរការដោយម៉ាស៊ីន Plug-in Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ៣៧៥សេះ និងបំពាក់ប្រអប់លេខអូតូ ៨វគ្គ ព្រមទាំងប្រព័ន្ធប៉ុងពីរផងដែរ។

បន្ថែមពីនេះវាមានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១៧គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាបើកបរដោយថាមពលអគ្គិសនីសុទ្ធបាន ២៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ដោយប្រើប្រាស់ Electric Mode។

យ៉ាងណាក៏ដោយ Jeep មិនបានបញ្ជាក់ពីការបង្ហាញខ្លួនរបស់ Gladiator Hybrid ឡើយ ប៉ុន្តែគេប៉ាន់ស្មានថា វាអាចបង្ហាញខ្លួននៅចុងឆ្នាំនេះ ហើយចេញលក់នៅឆ្នាំ២០២២៕

ប្រភព៖ Sabay

Most Popular

To Top