បច្ចេកវិទ្យា

Elon Musk ថាឡាន Tesla នឹងអាចដាក់លេខទៅមុខ ឬថយក្រោយស្វ័យប្រវត្តិ

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Tesla បានបង្ហាញពីការអាប់ដេតថ្មីចំពោះរថយន្ត Model S និង Model X ទាំងផ្នែកខាងក្រៅ និងខាងក្នុងកាប៊ីនរបស់វា ព្រមទាំងបន្ថែមប្រភេទ Plaid និង Plaid Plus ថ្មីទៀតផង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺ ដៃចង្កូតរាងចតុកោណកែង ដែលគេហៅថា yoke-style steering wheel។ មិនមែនតែរូបរាងវាប៉ុណ្ណោះទេដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ប៉ុន្តែវាលែងមានប៊ូតុង និងចង្កឹះលេខនៅលើនោះដូចមុនទៀតហើយ។

ទោះជាយ៉ាងណាក៏ដោយ មេក្រុមហ៊ុន Tesla លោក Elon Musk បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា រថយន្តអគ្គិសនីថ្មីនេះនឹងអាចដាក់លេខទៅមុខ ឬថយក្រោយបាន ដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់កាមេរ៉ា, សេនស័រ និងប្រព័ន្ធផែនទី។ យ៉ាងណាមិញ លោក Musk បានបន្ថែមថា អ្នកបើកបរក៏អាច កែប្រព័ន្ធនេះតាមរយៈអេក្រង់ Touchscreen ផ្នែកកណ្តាលដែរ។

ប៉ុន្តែអ្វីដែលគេព្រួយបារម្ភនោះគឺថា តើប្រព័ន្ធថ្មីរបស់ Tesla នោះដំណើរការបែបណា? តើវាធ្វើយ៉ាងណាទើបដឹងថាត្រូវដាក់លេខទៅមុខ ឬថយក្រោយ? តើវាអាចនឹងស្របច្បាប់ដែរឬទេ?

ប្រភព៖ sabay

Most Popular

To Top