បច្ចេកវិទ្យា

កូរ៉េខាងជើង ចូលរួកការប្រកួតប្រជែង សម្រាប់មីស៊ីល លឿនជាងសម្លេងថ្មី ជាមួយការតេស្តចុងក្រោយបំផុត

បរទេស៖ កាសែតកណ្ដាលកូរ៉េខាងជើង KCNA បានចេញផ្សាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង នៅដើមសប្ដាហ៍នេះ បានបាញ់តេស្តសាកល្បងមីស៊ីល មានល្បឿនលឿនជាងសម្លេង ទើបតែអភិវឌ្ឍថ្មី ដែលនេះគឺជាការចូលរួម ប្រកួតប្រជែងមួយ នាំមុខដោយមហាអំណាចយោធាធំៗ ដើម្បីដាក់ពង្រាយប្រព័ន្ធអាវុធទំនើបៗ។

ប្រទេសកូរ៉េខាងជើង បានធ្វើការអភិវឌ្ឍជានិច្ច នូវប្រព័ន្ធអាវុធរបស់ខ្លួន ស្របពេលដែលមានការជាប់គាំង ជុំវិញកិច្ចពិភាក្សាគ្នា លុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែ និងមីស៊ីលផ្លោង ដើម្បីជាថ្នូរនឹងការបន្ធរបន្ថយទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។
មិនដូចទៅនឹងមីស៊ីលផ្លោងនានា ដែលហោះចូលក្នុងលំហខាងក្រៅ នៅមុនវិលត្រឡប់ចុះមកផែនដីវិញនោះ មីស៊ីលលឿនជាងសម្លេង របស់កូរ៉េខាងជើងនេះ គឺហោះហើរឆ្ពោះទៅកាន់គោលដៅ នៅក្នុងរយៈកម្ពស់ទាបជាង និងអាចមានល្បឿនជាង៥ដង នៃល្បឿនសម្លេង ឬក៏ប្រហែលនឹង ៦.២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បាននិយាយថា ការអភិវឌ្ឍផលិតប្រព័ន្ធអាវុធនេះ បានបង្កើនសមត្ថភាពការពារជាតិ របស់ប្រទេសកូរ៉េខាងជើង និងបានពិពណ៌នាមីស៊ីលលឿន ជាងសម្លេងនោះថា ជាអាវុធយុទ្ធសាស្ត្រ។ យោងតាមសេចក្តីរាយការណ៍ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបានចូលរួមមើកការបាញ់តេស្ត សាកល្បងនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top