Wuhan៖ សាជីវកម្មវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិន លីមីតធីត (CASIC) បាននិយាយថា ខ្លួនបានបញ្ចប់ការសាងសង់ ខ្សែសង្វាក់ផលិតកម្មផ្កាយរណបឆ្លាតវៃ និងសួនឧស្សាហកម្មរ៉ុក្កែតនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
លោក Liu Shiquan អ្នកគ្រប់គ្រងទូទៅនៃ CASIC បាននិយាយថា មានទីតាំងនៅក្នុងមូលដ្ឋាន ឧស្សាហកម្មអវកាសជាតិ Wuhan ទាំងខ្សែផលិតកម្ម និងសួនឧស្សាហកម្ម បានដំណើរការហើយ។ លោក Liu បានប្រកាសបែបនេះ នៅវេទិកាអវកាសពាណិជ្ជកម្មចិន (អន្តរជាតិ) លើកទី៧បានបើកកាលពីថ្ងៃព្រហស្បតិ៍។ សួនឧស្សាហកម្មរ៉ុក្កែត អាចផលិតរ៉ុក្កែតបាញ់ឥន្ធនៈរឹងបាន ២០ គ្រឿងក្នុងមួយឆ្នាំ។ លោកLiu បានបន្តថា ខ្សែសង្វាក់ផលិតកម្មផ្កាយរណបមានសមត្ថភាព ផលិតផ្កាយរណបទូទៅចំនួន ១០០ មានទម្ងន់តិចជាងមួយតោនក្នុងមួយឆ្នាំ។
CASIC បាននិយាយថា ខ្លួននឹងពន្លឿនការអភិវឌ្ឍន៍ និងការអនុវត្តគ្រាប់រ៉ុក្កែតផ្ទុកឥន្ធនៈរឹងមធ្យម និងធំ។ ក្នុងអំឡុងពេលផែនការ៥ឆ្នាំទី ១៤ (២០២១-២០២៥) វាត្រូវបានគេរំពឹងថា នឹងអនុវត្តបេសកកម្មបាញ់បង្ហោះ អវកាសពាណិជ្ជកម្មប្រហែល ១០ ជារៀងរាល់ឆ្នាំ។ CASIC ក៏នឹងជំរុញការសាងសង់ដំណាក់កាលទី២នៃគម្រោង Xingyun ជាក្រុមតារានិករ Internet of Things ដែលអភិវឌ្ឍដោយខ្លួនឯងដំបូងគេ របស់ប្រទេសចិន។
CASIC បានបន្តថា ខ្លួនត្រូវបានគេរំពឹងថានឹងអភិវឌ្ឍ និងបាញ់បង្ហោះផ្កាយរណបច្រើនជាង១២ នៅឆ្នាំ២០២២ ដោយផ្តល់សេវាកម្មទិន្នន័យផ្កាយរណបតាមតម្រូវការ រួមទាំងការត្រួតពិនិត្យគ្រាអាសន្ន និងការព្យាករណ៍អាកាសធាតុ៕ ដោយ៖លី ភីលីព