បច្ចេកវិទ្យា

បារាំង៖ អ្នកបើកតាក់ស៊ី ដាក់ពាក្យបណ្តឹង ប្រឆាំងនឹងក្រុមហ៊ុន Tesla បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដ៏ធ្ងន់ធ្ងរនៅទីក្រុងប៉ារីស

បារាំង៖ មេធាវីរបស់លោក បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា អ្នកបើកតាក់ស៊ីម្នាក់ បានដាក់ពាក្យបណ្ដឹងផ្លូវច្បាប់ ប្រឆាំងនឹងក្រុមហ៊ុនរថយន្តរបស់ Elon Musk ត្រឹមតែប៉ុន្មានខែបន្ទាប់ពីរថយន្ត Tesla Model 3 របស់លោកបានគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងទីក្រុងប៉ារីស បានសម្លាប់មនុស្សម្នាក់ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

កាលខែធ្នូ ឆ្នាំ ២0២១ រថយន្ត Tesla របស់អ្នកបើកតាក់ស៊ី ដែលមិនបានបំពេញកាតព្វកិច្ច បានបុកបង្គោលដែក ជួរនៃកង់សម្រាប់ជិះ និងធុងសំរាមពោរពេញដោយកញ្ចក់ បុកអ្នកថ្មើរជើង និងឡាន មុនពេលឈប់បណ្តាល ឲ្យមនុស្សម្នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

អ្នកបើកបរមិនបញ្ចេញឈ្មោះ បានប្រាប់ប៉ូលិសនៅពេលនោះថា រថយន្តបានបន្ថែមល្បឿនដោយខ្លួនឯង ហើយលោកមិនអាចចាប់ហ្វ្រាំងបាន។ ប៉ុន្មានថ្ងៃបន្ទាប់ពីឧបទ្ទវហេតុនេះ រដ្ឋាភិបាលបារាំងបាននិយាយថា ក្រុមហ៊ុន Tesla បានប្រាប់វាថា មិនមានការចង្អុលបង្ហាញភ្លាមៗ អំពីកំហុសបច្ចេកទេសនោះទេ ប៉ុន្តែក្រុមហ៊ុនតាក់ស៊ី G7 បានផ្អាកការប្រើប្រាស់គំរូរបស់ខ្លួន។

លោកស្រី Sarah Saldmann តំណាងឲ្យអ្នកបើកបរបាននិយាយថា កូនក្តីរបស់នាងបានដាក់ពាក្យបណ្តឹង ព្រហ្មទណ្ឌជាមួយរដ្ឋអាជ្ញាសាធារណៈ នៅទីក្រុង Versailles កាលពីថ្ងៃសុក្រ ដោយចោទប្រកាន់ក្រុមហ៊ុន Tesla ធ្វើឲ្យជីវិតអ្នកដទៃមានគ្រោះថ្នាក់។ Tesla មិនបានឆ្លើយតបនឹងសំណើ សុំការអត្ថាធិប្បាយរបស់ Sky News ទេ។

លោកស្រី Saldmann បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើថាតើពាក្យបណ្តឹងនេះ ត្រូវបានធ្វើឡើងដោយផ្អែក លើការសន្និដ្ឋានដំបូង ដែលមិនបានផ្សព្វផ្សាយ ពីអ្នកស៊ើបអង្កេត៕ ដោយ៖លី ភីលីព

Most Popular

To Top