ព័ត៌មានអន្តរជាតិ

ស្ត្រីជនជាតិថៃម្នាក់ រងការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គមថៃ ដោយសារដើរនៅកណ្តាលផ្លូវ បន្ទាប់ជម្លោះជាមួយមិត្តប្រុសនាង

ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា ស្ត្រីជនជាតិម្នាក់បានរងការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គមថៃ បន្ទាប់ពីនាងត្រូវបានគេឃើញដើរនៅកណ្តាលផ្លូវមួយ ខេត្ត Chachoengsao ប្រទេសថៃនៅប្រហែលពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ទី១៨ ខែមេសា ក្រោយពីនាងបានឈ្លោះប្រកែកជាមួយមិត្តប្រុសរបស់នាង។

ហេតុការណ៍នេះត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពដោយអ្នកបើកបរម្នាក់ដែលបានបង្ហោះវីដេអូឃ្លីបនៅលើ TikTok ក្រោមគណនី @mutita_kn មុនពេលលុបវាចេញនៅពេលក្រោយ។ វីដេអូនេះត្រូវបានបង្ហោះឡើងវិញដោយ ThaiRath និងទំព័រ Facebook ជាច្រើន។

វីដេអូនេះបានបង្ហាញស្ត្រីរូបនេះស្លៀកអាវក្រៅពណ៌ស និងខោខូវប៊យខ្លី ត្រូវបានគេឃើញដើរតាមបណ្តោយផ្លូវពីរគន្លង។ បុរសថៃម្នាក់ ត្រូវគេជឿថា ជាមិត្តប្រុសរបស់នាង កំពុងដើរនៅពីក្រោយនាងនៅចិញ្ចើមផ្លូវ ខណៈរថយន្តពណ៌សមួយគ្រឿងចតនៅក្បែរនោះ។ អ្នកបើកបរអាចត្រូវបានគេឮកំពុងរិះគន់ស្ត្រីនោះចំពោះការធ្វើឲ្យខ្លួនឯង គ្រោះថ្នាក់។ នាងបានស្មានថា ស្ត្រីនោះប្រហែលជាកំពុងព្យាយាមទាក់ទាញចំណាប់អារម្មណ៍មិត្តប្រុសរបស់នាងបន្ទាប់ពីឈ្លោះប្រកែកគ្នា។

កាសែត ThaiRath បានចេញផ្សាយថា រថយន្តជាច្រើនគ្រឿងត្រូវបានគេឃើញបន្ថយល្បឿនភ្លាមៗដើម្បីជៀសវាងការបុកនាង។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវលេខ 331 Khao Hinson ក្នុងខេត្ត Chachoengsao។ សារព័ត៌មានបានបន្ថែមថា រថយន្តដឹកទំនិញ១០  កង់មួយចំនួនដែលធ្វើដំណើរលើផ្លូវដូចគ្នាបានគេចផុតពីគ្រោះថ្នាក់ដោយសារតែការជាន់ហ្វ្រាំងភ្លាមៗ។ មិនមានអ្នករងរបួស ឬគ្រោះថ្នាក់ណាមួយត្រូវបានរាយការណ៍នោះទេ៕

Most Popular

To Top