បច្ចេកវិទ្យា

ក្រុមហ៊ុន Nvidia របស់សហរដ្ឋអាមេរិក ពង្រីកទំនាក់ទំនងជាមួយវៀតណាម និងគាំទ្រការអភិវឌ្ឍន៍ AI

រូបភាពពី៖​ AFP

ហាណូយ៖ នាយកប្រតិបត្តិក្រុមហ៊ុន Nvidia របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុននឹងពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់វៀតណាម និងគាំទ្រដល់ប្រទេសក្នុងការបណ្តុះបណ្តាលទេពកោសល្យសម្រាប់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលយោងតាមការចេញផ្សាយពីគេហទំព័រ VOA ។

Nvidia បានបណ្តាក់ទុនចំនួន ២៥០ លានដុល្លារនៅប្រទេសវៀតណាម រហូតមកដល់ពេលនេះបានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងការដាក់ពង្រាយ AI នៅ Cloud ឧស្សាហកម្មរថយន្ត និងថែទាំសុខភាព។ ឯកសារបានចេញផ្សាយដោយសេតវិមានកាលពីខែកញ្ញាបានបង្ហាញនៅពេលទីក្រុងវ៉ាស៊ីនតោនធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងការទូតជាមួយវៀតណាម។

លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvdia បាននិយាយនៅព្រឹត្តិការណ៍មួយនៅទីក្រុងហាណូយក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសនេះថា វៀតណាមគឺជាដៃគូរបស់យើងរួចទៅហើយ ដោយសារយើងមានអតិថិជនរាប់លាននាក់នៅទីនេះ។

លោក Huang បានបន្តថា វៀតណាម និង Nvidia នឹងធ្វើឲ្យទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅ ដោយ Viettel, FPT, Vingroup, VNG គឺជាដៃគូដែល Nvidia សម្លឹងមើលពង្រីកភាពជាដៃគូជាមួយ ។ ដោយបន្ថែមថា Nvidia នឹងគាំទ្រដល់ការបណ្តុះបណ្តាល និងហេដ្ឋារចនាសម្ព័ន្ធសិប្បនិម្មិតរបស់វៀតណាម។

រ៉យទ័របានរាយការណ៍កាលពីសប្តាហ៍មុនថា Nvidia ត្រូវបានកំណត់ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិការលើឧបករណ៍អេឡិចត្រូនិកជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងអាជ្ញាធរវៀតណាមនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទ។ ដំណើរទស្សនកិច្ចរបស់លោក Huang ធ្វើឡើងចំពេលវៀតណាមកំពុងព្យាយាមពង្រីកទៅលើការរចនាបន្ទះឈីប និងអាចបង្កើតបន្ទះឈីប ខណៈដែលភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបង្កើតឱកាសសម្រាប់វៀតណាមក្នុងឧស្សាហកម្មនេះ។

ព្រឹត្តិការណ៍កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីវិនិយោគវៀតណាម លោក Nguyen Chi Dzung បាននិយាយថា ប្រទេសនេះកំពុងរៀបចំយន្តការ និងការលើកទឹកចិត្តដើម្បីទាក់ទាញគម្រោងវិនិយោគក្នុងឧស្សាហកម្មវត្ថុធាតុដើម និងសិប្បនិម្មិត។

លោក Dzung ក៏បានស្នើឲ្យ Nvidia ពិចារណាបង្កើតកន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងប្រទេសនេះ តាមសំណើរបស់លោក Huang ក្នុងការបង្កើតមូលដ្ឋាននៅប្រទេសវៀតណាម បន្ទាប់ពីលោកបានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីថ្ងៃអាទិត្យ៕ ដោយ៖លី ភីលីព

Most Popular

To Top