Honda នឹងបញ្ចេញរថយន្ត SUV ដ៏ល្បីល្បាញរបស់ខ្លួន គឺ CR-V ស៊េរីឆ្នាំ២០២៥ ដែលប្រើចំហេះអ៊ីដ្រូសែន និងអគ្គិសនី។

តាមរយៈវីដេអូខ្លីមួយដែលបង្ហោះដោយក្រុមហ៊ុន Honda នៅប្រទេសជប៉ុន បានបង្ហាញឱ្យឃើញពីរថយន្ត Honda CR-V FCEV កំពុងធ្វើតេស្តបើកបរ។ រថយន្តនេះស្រោបដោយពណ៌ខៀវប៉ារ៉ា មានអក្សរ Hydrogen។ ជាមួយគ្នានោះ ក៏ឃើញមានការសាកភ្លើងរថយន្ត SUV នេះផងដែរ ដែលមានន័យថា វាដើរដោយចំហេះអ៊ីដ្រូសែនផង និងអគ្គិសនីផង។
រថយន្ត Honda CR-V នេះ នឹងត្រូវផលិតនៅរោងចក្រក្នុងរដ្ឋ Ohio ដោយវានឹងក្លាយជារថយន្តដំបូងគេនៅអាមេរិកខាងជើង ដែលដំណើរការរួមគ្នារវាងកញ្ចប់អាគុយ និងកម្លាំងម៉ាស៊ីននៃចំហេះអ៊ីដ្រូសែន។
ការបង្ហាញចេញរថយន្តប្រភេទនេះ គឺដើម្បីធានាដល់ការបើកបរ ចម្ងាយឆ្ងាយព្រោះថា បច្ចុប្បន្នមិនទាន់មានស្ថានីយបញ្ចូលអ៊ីដ្រូសែន ច្រើននោះទេ ដូច្នេះអ្នកបើកបរ អាចជ្រើសរើសដើរលើ ថាមពលអគ្គិសនីបាន នៅពេលគ្មានអ៊ីដ្រូសែន។
យ៉ាងណាមិញ Honda មិនបានបញ្ជាក់ពីទំហំធុងអ៊ីដ្រូសែន និងទំហំអាគុយដែលបំពាក់លើរថយន្តខាងលើនេះឡើយ។

ថ្មីៗនេះ ប្រធានក្រុមហ៊ុន Honda Motor ប្រចាំអឺរ៉ុប លោក Inoue Katsushi បាននិយាយថា ក្នុងទស្សនៈរបស់លោកមើលឃើញថា យុគសម័យរថយន្តអគ្គិសនីមកមុន ហើយដំណាក់កាលបន្ទាប់ គឺជារថយន្តចំហេះអ៊ីដ្រូសែន គ្រាន់តែវាត្រូវការចំណាយពេលច្រើនទៀត ជាពិសេសគឺត្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់វាសិន ៕

